វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៧ ០៤ ២០២៥)
ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណ ចំពោះកងកម្លាំងគ្រប់ប្រភេទ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ បំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារ សន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់ពលរដ្ឋ រយៈពេល៣ថ្ងៃមកនេះ ។
តាមរយៈបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការ បំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារ សន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយ របស់លោកតាលោកយាយ អ៊ំពូមីង បងប្អូន ព្រមទាំងបានញុំាងឱ្យការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅ ដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។
ជាមួយគ្នានេះផងដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ ដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្ត ប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាន នូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធិពរ សូមប្រគេនពរ ដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជូនពរដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តី ជោគជ័យគ្រប់ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរលោកតាលោយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមិនមែនជាពុទ្ធសាសនិកជន នូវពរជ័យសិរីសួស្ដី ជ័យជម្នះគ្រប់ប្រការ កុំបីអាក់ខានឡើយ ។ សូមធ្វើដំណើរ ប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព ៕