សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន

Chuon Bona | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៧ ០៤ ២៥

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងវប្បធម៌ បានថ្លែងថា ការរៀបចំ"សប្ដាហ៍ភាពយន្តចិន កម្ពុជា” នឹងជួយលើកកម្ពស់ វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន ដើម្បីលើកកម្ពស់ធនធានមនុស្ស ភាពច្នៃប្រឌិតរួមគ្នានៅក្នុង ឧស្សាហកម្មភាពយន្តនាពេលអនាគត និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតរវាងប្រទេសទាំងពីរ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

ថ្លែងក្នុងពិធីបើក“សបា្តហ៍ភាពយន្តចិននៅព្រះរាជាណាចក្រកម្ពុជា” នៅសាលសន្និសីទចតុមុខ នារសៀល  ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា បានចាត់ទុកថា ការរៀបចំ "សប្ដាហ៍ភាពយន្តចិន នៅកម្ពុជា”នាពេលនេះ គឺជា ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់កិច្ចសហការរវាងប្រទេសកម្ពុជានិងចិន ជាពិសេសលើ វិស័យភាពយន្ត និងជាការផ្ដល់ឱកាសសម្រាប់អ្នក ដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នក ដែលមានអាជីពក្នុងវិស័យភាពយន្ត បានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការផលិតភាពយន្ត ការផ្លាស់ប្តូរបច្ចេកទេស ការបណ្តុះបណ្តាលធនធាន មនុស្ស និងចែករំលែកនូវភាពច្នៃប្រឌិតរួមគ្នានៅក្នុងឧស្សាហកម្មភាពយន្តនាពេលអនាគត និងស្វែងរក  ឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃ ប្រទេសរបស់យើងទាំងពីរ។

លោកជំទាវបានលើកទឹកចិត្តឱ្យ "សប្ដាហ៍ភាពយន្តចិន នៅកម្ពុជា” ក្លាយជាវេទិកា ការចែករំលែកគំនិត ច្នៃប្រឌិត មិត្តភាព សាមគ្គីភាព ដើម្បីកសាងអនាគតនិងជោគវាសនារួមគ្នា កម្ពុជា-ចិន។

លោកជំទាវសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការ វប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា រដ្ឋបាលភាពយន្តចិន គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីនិងបណ្ណសារភាពយន្តចិន នៃសាធារណរដ្ឋប្រជា មានិតចិន ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា ឱ្យ លេចរូបរាងឡើងនាពលនេះ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និងឆន្ទៈក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងថែមទៀត នូវកិច្ចសន្ទនារវាងប្រទេស កម្ពុជានិងចិន៕