វិទ្យុជាតិកម្ពុជា៖ ១៧ ០៤ ២០២៥
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ ក្នុងនាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាឱកាសនេះ ជាសក្ខីភាពបញ្ជាក់បន្ថែមទៀត អំពីភាពច្បាស់លាស់និងរឹងមាំ ដែលកម្ពុជានិងចិន បានកំណត់នូវចក្ខុវិស័យរួម ពោលគឺ ការកសាងសហគមន៍ជោគវាសនារួមគ្នា ដែលប្រទេសទាំងពីរ មានភាពចាំបាច់ត្រូវតែគាំពារគ្នា ។
នេះបើតាមការកត់សម្គាល់ របស់លោកបណ្ឌិត នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជុំវិញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងប្រទេស កម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ច លើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។
លោកបណ្ឌិត យង់ ពៅ ក្នុងនាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ភាពច្បាស់លាស់ នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងអតីតកាល តាំងពីសម័យបុរាណ រហូតដល់ ប្រវត្តិសាស្ត្រសម័យកាលទំនើប កម្ពុជា-ចិន បានគាំពារគ្នានៅក្នុងពិភពលោកនាសម័យកាលផុយស្រួយ ដូចជាក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលកម្ពុជា-ចិន បានរួបរួមជាមួយ នឹងបណ្ដាប្រទេសផ្សេងទៀត ពោលគឺ៥ប្រទេស បង្កើតជាបក្សសម្ព័ន្ធគាំពារគ្នា ក្នុងសម័យកាលកម្ពុជា ដឹកនាំដោយសម្ដេចព្រះបរមរតន កោដ្ឋ និងសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ម៉ៅ សេទុង និងឯកឧត្តម ជូ អេនឡាយ ដើម្បីគាំពារគ្នាក្នុងពេលដែលពិភពលោក កំពុងតែតានតឹងនិងលំបាក។
លោកបណ្ឌិត បានកត់សម្គាល់យ៉ាងដូច្នេះថា "នាពេលនោះ ពិភពលោកស្ថិតនៅក្នុងស្ថានភាពលំបាក និង តានតឹងខ្លាំងជាងបច្ចុប្បន្នទៅទៀត តែមេដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានពុះពារជម្នះរាល់ឧបសគ្គ រហូតមកដល់បច្ចុប្បន្ន មេដឹកនាំនៃប្រទេសទាំងពីរ បានគាំពារគ្នាកាន់តែខ្លាំងឡើងថែមទៀត ដូចមាន ដំណើរទស្សនកិច្ចនាពេលនេះ ជាសក្ខីភាពបញ្ជាក់បន្ថែមទៀត អំពីភាពច្បាស់លាស់និងរឹងមាំ ដែលកម្ពុជា និងចិន បានកំណត់នូវចក្ខុវិស័យរួម ពោលគឺ ការកសាងសហគមន៍ជោគវាសនារួមគ្នាដែលប្រទេសទាំងពីរ មានភាពចាំបាច់ត្រូវតែគាំពារគ្នា និងស្វែងយល់ពីគ្នាឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត"។
ភាពច្បាស់លាស់និងរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន ក៏បានចង្អុលបង្ហាញកាន់តែជាក់លាក់បន្ថែមទៀត តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ដែលប្រទេសចិនត្រូវបានបណ្ដាប្រទេសជាច្រើនរើសអើង រហូតដល់ដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រជាជនចិនប្រសិទ្ធនាមសម្ដេចថា ជាបុរសដើរបញ្ច្រាសខ្យល់។ ជាការឆ្លើយតប សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ការគាំទ្រខាងវត្ថុធាតុដើមនៅក្នុងដំណើរសង្វាក់ ផលិតកម្មរោងចក្រនៅកម្ពុជា ខណៈដែលចិនបានបិទការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្ដាប្រទេសទាំងឡាយ លើពិភពលោក។ នេះបញ្ជាក់ពីការគាំពារគ្នាទៅវិញទៅមក និងការរួមសុខទុក្ខរវាងកម្ពុជានិងចិន ទោះបីជា ស្ថិតនៅក្នុងស្ថានភាពបែបណាក្ដី ក៏ភាគីទាំងពីរតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក។
សម្រាប់លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា «ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជានាឱកាសនេះ បានក្លាយជាសារនយោបាយបញ្ជាក់បន្ថែមទៀត អំពីឆន្ទៈនៅក្នុងការ ជំរុញទំនាក់ទំនង ប្រកដោយភាពច្បាស់លាស់ និងរឹងមាំ នៃទំនាក់ទំនងជាមិត្តភាព រវាងកម្ពុជានិងចិន និងការប្ដេជ្ញាចិត្តរបស់ចិននិងកម្ពុជា នៅក្នុងការគាំពារគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ»។
លោកបណ្ឌិតបានបន្ថែមទៀតថា ការបំពេញទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកាន់កម្ពុជា នាឱកាសនេះ គឺជាការគាំពារគ្នានៅក្នុងក្របខ័ណ្ឌមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណ ត្បូងពេជ្រ ស្របពេលដែលមានការដាក់សម្ពាធខាងពន្ធគយជាសាកល ពីសំណាក់សហរដ្ឋអាមេរិក បើទោះបីជាការដាក់កំហិតពន្ធនេះ ត្រូវបានសហរដ្ឋអាមេរិកទម្លាក់មកនៅត្រឹម១០% លើមុខទំនិញកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកការចរចាជាមួយសហរដ្ឋអាមេរិកក៏ដោយក្ដី ព្រោះនេះគឺជាសង្គ្រាម ពាណិជ្ជកម្មជាសាកលរវាងអាមេរិកនឹងពិភពលោក ដែលនឹងជះឥទ្ធិពលពិបាកប៉ាន់ស្មានបាន។ដូច្នេះហើយ កម្ពុជាមានភាពច្បាស់លាស់រួចជាស្រេចទៅហើយ សម្រាប់ភាពដោយឡែកនៃទំនាក់ទំនង កម្ពុជា-ចិន ភាពដោយឡែកនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក និងភាពដោយឡែកនៃទំនាក់ទំនង កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ដោយអនុលោមទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា ព្រមទាំងច្បាប់និងគោលការណ៍អន្តរជាតិទាំងឡាយផងដែរ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយខាងលើ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃស្ថានការណ៍មិន ច្បាស់លាស់នៃពិភពលោក កម្ពុជាត្រូវតែបន្តគោរពនូវគោលការណ៍ និងច្បាប់ដែលមានជាធរមាន ទាំងនៅ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងអន្តរជាតិ រក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជា ដៃគូ និងពង្រឹងទំនាក់ទំនងល្អ ជាមួយនឹងប្រទេសជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីធានាផលប្រយោជន៍ ជាតិរបស់ខ្លួន។
លោកបណ្ឌិតបន្តថា សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភពនៃការវិនិយោគ ប្រភពជំនួយសម្រាប់ការ អភិវឌ្ឍផ្លូវការនានា ជាប្រភពនៃចរន្តសេដ្ឋកិច្ចកម្ពុជា ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យ វាយនភណ្ឌ និងវិស័យផ្សេងៗទៀត ព្រមទាំងជាប្រភព នៃការធានាស្ថិរភាពនយោបាយផងដែរ សម្រាប់ កម្ពុជា ដែលគេមិនអាចបដិសេធ នូវគុណសម្បត្តិទាំងនេះឡើយ។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា គេក៏ពុំអាចបដិសេធ អំពីចំណុចវិជ្ជមានជាច្រើន នៅក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយនឹងសហរដ្ឋអាមេរិក ដែលកម្ពុជាចាំបាច់ត្រូវថែរក្សាតុល្យភាពនៃទំនាក់ទំនងល្អ ជាមួយនឹង មហាអំណាចពិភពលោកទាំងពីរនេះ ដែលនៅក្នុងករណីខ្លះ គឺជាការលំបាកសម្រាប់កម្ពុជា ប៉ុន្តែកម្ពុជា នៅតែត្រូវពុះពារនិងជម្នះឧបសគ្គទាំងឡាយឱ្យខាងតែបាន នៅក្នុងយុគសម័យ នៃការប្រកួតប្រជែង ដ៏ស្រួចស្រាល់នេះ។
បើតាមលោកបណ្ឌិត ថ្នាក់ដឹកនាំ អ្នកការទូត និងអ្នកនយោបាយទាំងអស់ ត្រូវតែចូលរួមចំណែកជំរុញ តាមតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីធានាធ្វើយ៉ាងណាឱ្យ នយោបាយការបរទេសកម្ពុជា មានភាពបត់បែន និងប្រកបដោយថាមភាព ដូចអ្វីដែលរាជរដ្ឋាភិបាល កម្ពុជា បានខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក និងចិននាពេលកន្លងទៅថ្មីៗនេះផង ដែរ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់លម្អិតថា៖ «ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា ត្រូវតែរៀបចំទទួលប្រកបដោយភាពកក់ក្ដៅ អធឹកអធម ដើម្បីបង្ហាញពីឆន្ទៈ នៅក្នុងការកសាងជោគវាសនារួម និងរឹងមាំជាមួយគ្នា។ ស្របជាមួយគ្នានេះ កម្ពុជាក៏ត្រូវបន្តខិតខំ ប្រឹងប្រែងចរចា ជាមួយនឹងរដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ធ្វើយ៉ាងណាធានាបាន នូវផលប្រយោជន៍ជាអតិបរមារបស់កម្ពុជា នៅក្នុងករណីដំឡើងពន្ធគយ និងការថ្លឹងថ្លែងជញ្ជីងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកផងដែរ»។
ទោះជាយ៉ាងណា លោកបណ្ឌិត បានលើកឡើងថា បច្ចុប្បន្នពិភពលោកមិនស្ថិតនៅក្នុងដំណាក់កាល នៃសង្គ្រាមត្រជាក់ដូចជាអតីតកាល ដែលបែងចែកប្លុកលោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ ពោលពិភពលោកកំពុងស្ថិតនៅក្នុង សាកលភាវូបនីយកម្ម បើកចំហទីផ្សារ និងជាសម័យកាលពហុប៉ូល ដែលកម្ពុជានិងបណ្ដាប្រទេសទាំងឡាយ មានសិទ្ធិនិងអធិបតេយ្យភាពគ្រប់គ្រាន់ នៅក្នុងការធ្វើទំនាក់ ទំនង ជាមួយនឹងបណ្ដាប្រទេស ឬដៃគូនានាលើសាកលលោក ដែលជារដ្ឋអធិបតេយ្យដូចគ្នា មិនថា សហរដ្ឋអាមេរិក ចិន ឬ រុស្ស៊ីនោះទេ លើកលែងតែការបំពានច្បាប់ជាតិនិងអន្តរជាតិ ក៏ដូចជាគោលការណ៍ គ្រឹះនានា មានជាធរមាននៅក្នុងឆាកអន្តរជាតិ។
ដូច្នេះ កម្ពុជាមានអធិបតេយ្យភាពពេញលេញ នៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងក៏ដូចជាធ្វើកិច្ចសហ ប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាដៃគូនានា ដើម្បីការអភិវឌ្ឍរីកចម្រើនទាំងសម្រាប់កម្ពុជានិងប្រទេស ជាដៃគូ៕