បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស

Chuon Bona | ថ្ងៃទី 18 ខែ មេសា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

បន្ទាប់ពីដំណើការព្រឹត្តិការណ៍រយៈពេល៣ថ្ងៃកន្លងមក អង្គរសង្រ្កាន្តបានបញ្ចប់ដោយជោគជ័យ  ព្រមជាមួយការស្ងើចសរសើរនិងគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងទេសចរអន្តរជាតិផងដែរ អំពីការរៀបចំពិធីបែបសាសនា ល្បែងរបាំប្រពៃណី ល្បែងប្រជាប្រិយ ទស្សនីយភាពសិល្បៈ រួមទាំងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន រួមទាំងទិដ្ឋភាពនៃការរៀបចំ តុបតែងលម្អយ៉ាងប៉ិនប្រសប់ ដោយរួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មីៗ និងបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់សម្រាប់ទេសចរទាំងឡាយ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

អស់រយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៥ អង្គរសង្រ្កាន្ត បានដំណើរការយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក ដោយបាននាំមកនូវទស្សនីយភាពសិល្បៈ កម្មវិធីកម្សាន្តសប្បាយ ព្រមជាមួយការចូលរួមពីប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីព្រឹត្តិការណ៍សង្រ្កាន្តបានរៀបចំ ស្ទើរតែនៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេសក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនិងទេសចរទាំងឡាយមិនភ្លេចមកចូលរួមកម្សាន្តសប្បាយ ជាលក្ខណៈមហាគ្រួសារខ្មែរនៅខេត្តសៀមរាបឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ថា៖ តាងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំមានអារម្មណ៍ សប្បាយរីករាយក្រៃលែង ដែលមហាគ្រួសារខ្មែរ បានចូលរួមជាថ្មីម្តងទៀតដោយ ស្មារតីឯកភាព, សាមគ្គីភាព, សុភមង្គល, ភាពសុខដុម ជាមួយមោទនភាពជាតិ ដើម្បីអបអរ ពិធីបើកនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលនេះ។ឯកឧត្តមបន្តថា៖  ពិតជារីករាយ និងមានមោទនភាព អង្គរសង្ក្រាន្ត នៅតែទទួលបានការគាំទ្រ និងសាទរពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ បន្ថែមពីនេះ អង្គរសង្ក្រាន្តក៏បានចូលរួមលើកស្ទួយ កិត្តិនាមជាតិ តាមរយៈ ព្រឹត្តិការណ៍វប្បធម៌ និងទស្សនីយភាពសំខាន់ៗ។

សំឡេងទី១« ក្នុងរយៈពេល១២ឆ្នាំនេះ អង្គរសង្ក្រាន្ត បានផ្តល់មោទនភាព និងអនុស្សាវរីយ៍ជាច្រើនសម្រាប់យើងខ្ញុំ ក្នុងនោះ៖ ១- ក្រៅពីការទាក់ទាញភ្ញៀវទេសចរ អង្គរសង្ក្រាន្ត បានបំផុសស្មារតីឱ្យមាន ការរៀបចំសង្ក្រាន្តនៅតាមបណ្តា រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា វត្តអារាម និងកន្លែងដទៃទៀត ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចចូលរួមអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ។២- អង្គរសង្ក្រាន្ត ក៏បានផ្តល់ស្នាមញញឹមដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ និងបានបង្ហាញដល់មិត្តបរទេស អំពីភាពរុងរឿង សម្បូរបែបនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនាខ្មែរ ដូចដែល សម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់លើក ឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការរំលឹក និងធ្វើឱ្យរស់រវើកឡើងវិញនូវ មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងមរតកបេតិកភណ្ឌរូបី »។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀត ថា៖ ប្រសិនមិនមានសន្តិភាពទេ យើងក៏មិនអាចរៀបចំអង្គរសង្ក្រាន្ត ហើយ ប្រជាពលរដ្ឋ ក៏មិនអាចជួបជុំ និងប្រារព្ធពិធីបុណ្យចូលឆ្នាំ បានដែរ។ សុខសន្តិភាព អាចឱ្យកម្ពុជាប្រមូលផ្តុំ ពូនជ្រុំកម្លាំង ឆន្ទៈ បញ្ញា ស្មារតី ទាំងធនធានមនុស្ស និង ធនធានសម្ភារៈជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ដោយធានាភាពធន់នៃ សេដ្ឋកិច្ច ការបង្កើតឱកាសបន្ថែម និងលើកស្ទួយកិត្យានុភាពជាតិជាបន្តបន្ទាប់ផងដែរ។ទាំងនេះមិនអាចកាត់ផ្តាច់ ការគាំទ្រ ពីរាជរដ្ឋាភិបាល រួមទាំងការចូលរួមទាំងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានឡើយ។

សំឡេងទី២«បរិយាកាសនៃសុខសន្តិភាព បានអនុញ្ញាតឱ្យ ក្រុមការងារ ប្រជាជនខ្មែរ និង មិត្តភក្តិបរទេសអាចចូលរួមលេងកំសាន្តនៅក្នុងអង្គរសង្ក្រាន្តបាន។ ហើយប្រាកដណាស់ ភាពជោគជ័យរបស់អង្គរសង្ក្រាន្ត គឺមិនអាចកាត់ផ្តាច់បានពី៖១-ការគាំទ្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងឆ្នាំ ២០២៥ នេះផ្ទាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានបន្តជឿទុកចិត្ត និងគាំទ្រយ៉ាង ពេញទំហឹង ដល់ ស.ស.យ.ក ក្នុងការរៀបចំ អង្គរសង្ក្រាន្ត និងបានផ្តល់កិត្តិយសដ៏ ខ្ពង់ខ្ពស់បំផុត តាមរយៈវត្តមានរបស់លោកទាំងពីរ នាពេលនេះ »។

ជួបជាមួយលោក ប៉ុល ប៊ុនរិទ្ធិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបផ្ទាល់បានបង្ហាញចំណាប់អារម្មណ៍ថា៖  អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ បានរៀបចំមានលក្ខណៈទ្រង់ទ្រាយធំជាងរាល់ៗឆ្នាំ ប្រជាពលរដ្ឋអាចដើរលេងសប្បាយបានគ្រប់ទីកន្លែង ដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណីដែលរៀបចំនៅតាមទីតាំងនីមួយៗ។ ព្រមជាមួយការយកចិត្តទុកដាក់ថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានជាដើម។ សំឡេងទី៣«អង្គរសង្រ្កាន្តឆ្នាំនេះមានការរៀបចំធំៗជាងរាល់ដង ហើយអាកាសធាតុក៏អំណោយផលល្អឆ្នាំនេះ ត្រជាក់ហើយមានភ្លៀងតិចតួចទៀត ដល់អ៊ីចឹងការដើរលេងវាសប្បាយ។ ការរៀបចំធំ ប្រជាជនយើងមកដើរលេងច្រើនក្នុងខេត្តសៀមរាបហ្នឹង ហើយពេលយប់ខ្ញុំទៅដើរលេងនៅដងស្ទឹង ផាប់ស្រ្ទីតអី ពេលថ្ងៃមកដើរលេងនៅអង្គរនេះ ឃើញថាសប្បាយគ្រប់កន្លែងទាំងអស់។ ការរៀបចំខ្ញុំសង្កេតឃើញថា បានល្អស្អាត បញ្ជាក់ពីវប្បធម៌ ប្រពៃណីខ្មែរយើងមានផ្ទះបុរាណ មានផ្ទះស្លឹក ហើយផ្ទះទាំងនោះក៏មានរហូតដល់ឥឡូវ បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិគាត់មើលឃើញថា នេះជាប្រពៃណីរបស់ខ្មែរយើងប្រាកដ »។

ចំណែកលោកគ្រូ ហុងដា ដែលបានធ្វើដំណើរមកពីទីរួមខេត្តក្រចេះ បានប្រាប់វិទ្យុជាតិទាំងទឹកមុខសប្បាយរីករាយថា៖ រយៈពេល៥ថ្ងៃហើយលោកបាននាំគ្រួសារមកកម្សាន្តខេត្តសៀមរាប ដោយបានដើរទស្សនាប្រាសាទបុរាណជាច្រើន រួមជាមួយនៅតាមទីតាំងប្រារព្ធអង្គរសង្រ្កាន្តចាប់ពីស្ទឹងសៀមរាប រហូតដល់ប្រាសាទអង្គរវត្តពិតជាស្រស់ស្អាត មានភាពទាក់ទាញខ្លាំង។ លោកគ្រូបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលចំពោះការអនុញ្ញាត និងគាំទ្រឱ្យរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានផ្តល់ភាពសប្បាយរីករាយ និងឱ្យពលរដ្ឋបានស្វែងយល់ពីប្រពៃណីវប្បធម៌ជាតិ។ 

សំឡេងទី៤«នៅប៉ុន្មានថ្ងៃនេះដើរលេងគ្រប់ប្រាសាទ បានប្រហែល៧ប្រាសាទអីដែរបានទៅលេង។ អូមនុស្សច្រើនណាស់ ស្ទះៗទាំងឡាននិងម៉ូតូ មនុស្សច្រើនណាស់ សប្បាយខ្លាំង ឆ្នាំក្រោយខ្ញុំមកលេងទៀត។ជាទូទៅអង្គរសង្រ្កាន្តយើងនេះគាត់ធ្វើបានស្អាតណាស់ធំប្លែកជាងខេត្តផ្សេងៗ គេចាប់អារម្មណ៍ច្រើន ណាមួយតំបន់ទេសចរយើងក៏កាន់តែប្រសើរជាងមុនភ្ញៀវមកច្រើនណាស់ សប្បាយចិត្ត។ អរគុណរដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែត បានគាំទ្រ បានជួយរៀបចំកម្មវិធីនេះបានច្រើនគាត់អញ្ជើញមកដែរថ្ងៃមុន សូមអរគុណសម្តេច»។

រីឯប្អូនស្រី លី សាវ៉ាត អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋខេត្តសៀមរាបបាន លើកឡើងថា៖ អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ មិនត្រឹមតែ ស្រស់ស្អាតប្លែកភ្នែក មានភាពអធិកអធមជាងលើកមុនៗប៉ុណ្ណោះទេ ថែមទាំងបានការចូលរួមពីមហាជនច្រើនកុះករមកពីគ្រប់ទិសទី។សកម្មភាពទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋអ្នកពឹងអាស្រ័យលើវិស័យទេសចរណ៍បានមួយចំណែកផងដែរ។

ទី៥«សប្បាយឃើញបងប្អូនមកច្រើន ប្លែក និយាយទៅឆ្នាំនេះឃើញប្លែកច្រើន ប្រពៃណីវប្បធម៌ខ្មែរច្រើន ស្អាតជាងឆ្នាំមុនៗ។ និយាយទៅបានប្រយោជន៍ច្រើនបង មានភ្ញៀវមកកាន់តែច្រើន ភ្ញៀវស្គាល់ អ្នកសៀមរាបយើងអាចរករបរនិងចំណូលបានច្រើន »។

ចំណែកលោក រ៉ា សារិន ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបវិញ បានកោតសរសើរចំពោះការរៀបចំរបស់អាជ្ញាធរពាក់ព័ន្ធ មានភាពប៉ិនប្រសប់ ដោយប្រមូលផ្តុំកម្មវិធីចម្រុះ ធ្វើឱ្យការរៀបចំមានភាពទាក់ទាញទេសចរបានច្រើនកុះករចូលរួមកម្សាន្តសប្បាយ។លោកថា៖ អង្គរសង្រ្កាន្តឆ្នំានេះបានគាស់កកាយនូវសិល្បៈវប្បធម៌ចម្រុះ មកប្រមូលផ្តុំនៅទីតាំងកម្សាន្តក្នុង ខេត្តសៀមរាប ធ្វើឱ្យអ្នកទស្សនាបានឃើញឡើងវិញនូវអ្វីដែលស្ទើរតែបាត់បង់ទៅហើយនោះ ។

សំឡេងទី៦«ចំពោះអារម្មណ៍ខ្ញុំផ្ទាល់គឺសប្បាយរីករាយ ដោយសារបានឃើញភាពចម្រុះគ្នានៃសិល្បៈវប្បធម៌យើង ហើយអង្គរសង្រ្កាន្តលើកនេះខ្ញុំឃើញថារៀបចំបានល្អ ដោយសារយើងរៀបចំបានទៅលើមនុស្សគ្រប់វ័យ មនុស្សចាស់ក៏កម្សាន្តបាន។ ឃើញមានកន្លែងសម្រាប់កុមារទៀត អ៊ីចឹងមានន័យថា ការរៀបចំនេះ មានការយកចិត្តទុកដាក់ខ្លាំង ដោយមនុស្សគ្រប់វ័យអាចចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា។ ជាការពិតទៅអង្គរសង្រ្កាន្តលើកនេះបានគាស់កកាយអ្វីសព្វបែបយ៉ាងទាំងអស់ ដែលជាទីកន្លែងតែមួយ ហើយប្រជាជនយើងចូលមកបានឃើញទាំងអស់តែម្តង អ្វីជារបស់ខ្មែរយើង។ ដោយសារតែរបស់ខ្លះវានៅសល់តិចតួច ដល់ពេលមកដល់ទីនេះយើងបានឃើញនូវអ្វីជារបស់ខ្មែរយើង»។

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ថា៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តមិនមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់។ ហើយប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកម្មវិធីសង្រ្កាន្តនៅទូទាំងរាជធានីខេត្ត ក្រោមម្លប់នៃសុខសន្តិភាព។ សម្តេចមានប្រសាសន៍បន្តថា៖ គោលដៅសំខាន់ៗចំនួន៣នៃការរៀបចំអង្គរសង្រ្កាន្ត ទី១-បំផុសស្មារតីស្នេហាជាតិ តាមរយៈការរួបរួមសាមគ្គីគ្នា ជាកម្លាំងជាតិមួយ ដើម្បីលើកតម្កើងប្រពៃណីវប្បធម៌ជាតិខ្មែរ ២-បំផុសការផ្សព្វផ្សាយនូវវិស័យទេសចរណ៍ និងទី៣-លើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តសៀមរាប។ សំឡេងទី៧« ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើនក្នុងខេត្តសៀមរាប បានរៀបចំក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួបត្រីកោណ រវាងមនុស្ស វប្បធម៌រូបី និងអរូបី ដូចសម្តេចតេជោបានលើកឡើង ដែលមនុស្សបាននាំមកនូវសិល្បៈ និងទំនៀមទម្លាប់គ្រប់ទម្រង់ ដែលជាសិល្បៈវប្បធម៌អរូបី មកកាន់ទីតាំងតំបន់ប្រវត្តិសាស្ត្រនៃវប្បធម៌រូបី។ ការនេះបានបង្ហាញពីគំនិតច្នៃប្រឌិត តម្រូវការរបស់យុវជនជំនាន់ក្រោយ ដើម្បីបន្តកសាង និងសម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ថ្មី ដូច្នេះខ្ញុំព្រះករុណាខ្ញុំពិតជាគាំទ្រ នូវការច្នៃប្រឌិត រាល់សកម្មភាពរបស់យុវជនក្នុងការចូលរួមគ្រប់ទម្រង់នៃវប្បធម៌ជាតិយើង »។

លោកអ្នកនាងជាទីមេត្រី!

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានការគាំទ្រនិងចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជិត២.៧៥៣.០០០នាក់(២.៧៥២.៨១៨នាក់)។

បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា៖ តាមរយៈការខិតខំប្រឹងប្រែងអង្គរសង្ក្រាន្តឆ្នាំ ២០២៥ បានរៀបចំសម្រាប់ប្រជាជនគ្រប់រូប អាចសប្បាយរីករាយក្នុង នាមជាគ្រួសារខ្មែរតែមួយ។ ជាច្រើនខែកន្លងមក ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ទាំង ៥ ១៥៦ រូប បានដឹកនាំ និងអនុវត្តដោយច្នៃប្រឌិត ដើម្បីឱ្យកម្មវិធីនីមួយៗ សម្រេចដោយជោគជ័យ និងលេចជារូបរាងឡើង ទៅតាមកម្មវិធីចំនួន ៣៦ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រានឆ្នាំថ្មី» រួមមាន៖

- កម្មវិធីសាសនា៖ ដូចជាពិធីក្រុងពាលីបើកការដ្ឋាន, ពិធីទទួលទេវតាឆ្នាំថ្មី, ពិធី ទៅវត្ត និងវាលុកចេតិយ, ពិធីដង្ហែព្រះពុទ្ធបដិមា ពិធីស្រង់ព្រះ និងពិធីសមាធិ។

-កម្មវិធីសិល្បៈ វប្បធម៌៖ មានដូចជា កម្មវិធី «ភូមិខ្ញុំ, ល្បែងប្រជាប្រិយ, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, ក្បួនដង្ហែអង្គរសង្ក្រាន្ត, បណ្តែតគោម, កម្មវិធីយុទ្ធគុន ចម្រុះខ្មែរបុរាណ, ភូមិត្នោត, ភូមិរចនា, និងការប្រណាំងរទេះគោ ក្របី សេះ និង វាយប្រដំ។

-កម្មវិធីតាំងពិព័រណ៍នានា៖ រួមមាន កម្មវិធីសួនមុនីហទ័យ, កម្មវិធីសួនញញឹម អង្គរ, និងពិព័រណ៍ផលិតផលខ្មែរ។ កម្មវិធីពិសេសៗផ្សេងទៀត៖ មានជាអាទិ៍ ពិធីបើកព្រឹត្តិការណ៍, តស់ៗលេងទឹក, ប្រកួតអុកចត្រង្គ, ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត និងកម្មវិធីផ្សារស្ទឹងសៀមរាប។

ជោគជ័យ នៃអង្គរសង្ក្រាន្ត និងសមិទ្ធផល របស់ស.ស.យ.ក នានា ក៏មិនអាចផ្តាច់ចេញពីការលះបង់ ទំនួលខុសត្រូវ ឆន្ទៈ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មូលដ្ឋាន, ក្រុមការងារវិស័យ នីតិបុគ្គល ក៏ដូចជារបស់គណៈកម្មការ, ក្រុម ការងារចង្កោម, ប្រតិបត្តិ និងក្រុមការងារទាំងអស់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ៕

បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស
បទយកការណ៍៖ អង្គរសង្ក្រាន្ត នៅតែទទួលបាន ការគាំទ្រ និងសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស