ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា

Narith | ថ្ងៃទី 18 ខែ មេសា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៧ ០៤ ២៥

 

ភ្នំពេញ៖ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់។ ការប្រកាសគាំទ្ររបស់ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិនធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។

 

ឯកឧត្ដម ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្ដមប្រធានាធិបតីចិន មានប្រសាសន៍ថា ភាគីចិននឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជា ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្តុះបណ្តាលធនធានមនុស្សទាំងធនធានមនុស្ស នៅក្នុងបក្សប្រជាជន កម្ពុជា និងធនធានមនុស្សនៅក្នុងរាជរដ្ឋាភិបាល ដើម្បីជាចំណែកចូលរួមកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ 

ក្នុងឱកាសនោះ ឯកឧត្ដម ស៊ី ជីនពីង ក៏បានបង្ហាញនូវក្តីរីករាយចំពោះការបានវិលត្រឡប់មកកាន់ប្រទេស កម្ពុជាជាថ្មី ដែលជាមិត្តចាស់របស់ឯកឧត្ដម ជាពិសេសបានជួបមិត្តចាស់ គឺសម្តេចតេជោ ហ៊ុន សែន។ ឯកឧត្ដមប្រធានាធិបតី ក៏បានបង្ហាញក្តីរំភើបចំពោះការរៀបចំបដិសណ្ឋារកិច្ចពីសំណាក់រាជរដ្ឋាភិបាល កម្ពុជា និងប្រជាជនកម្ពុជា ចំពោះការរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម។

ឯកឧត្ដមប្រធានាធិបតី បានបញ្ជាក់ថា នៅពេលឯកឧត្ដមធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ តាមដងផ្លូវឯកឧត្ដមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយបានសម្លឹងឃើញនូវ ទឹកមុខប្រជាពលរដ្ឋកម្ពុជាពោរពេញដោយស្នាមញញឹមនិងភាពរីករាយស្វាគមន៍ឯកឧត្ដមចេញពីបេះដូង។

ឯកឧត្ដមប្រធានាធិបតី បានបង្ហាញក្ដីរំភើបចំពោះការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានាពេលនេះ ដែលបង្ហាញឱ្យឃើញនូវចំណងមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែបរវាង ប្រទេសទាំងពីរ ហើយក៏ជាការញ៉ាំងឱ្យមិត្តភាពនេះ កាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមសម្តេចផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល បាន សម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិនជាលើក ទី២ ខណៈលើកទី១ធ្វើឡើងនៅឆ្នាំ២០១៦។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ជាភ្ញៀវពិសេសសម្រាប់ឆ្នាំ ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ស៊ី ជីនពីង ក៏មានលក្ខណៈពិសេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមប្រធានាធិបតីនៅពេលនេះ គឺមានអត្ថន័យធំធេងណាស់ ជាពិសេសក្នុងពេលពិភពលោកស្ថិតក្នុងស្ថានភាពមួយឈានទៅរកសង្គ្រាម  ពាណិជ្ជកម្មបណ្តើរៗ។ សម្តេចតេជោ បានបញ្ជាក់ថា វត្តមានរបស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង នាពេលនេះ បានបង្ហាញនូវចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ ទំនង រវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្សនិងបក្សឱ្យកាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។ ជាងនេះទៅទៀតសម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ ជាខួប១៥ឆ្នាំ នៃការបង្កើតនូវទំនាក់ទំនង កម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះសម្តេចតេជោ ក៏បានលើកឡើងផងដែរថា ឯកឧត្ដម ស៊ី ជីនពីង ជាមិត្តចាស់ ជាមិត្តដ៏ធំបំផុត និងជាទីទុកចិត្តបំផុតរបស់កម្ពុជា ជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីតួនាទីរបស់ចិន ដោយសម្តេចបានកោត សរសើរចំពោះតួនាទីរបស់ចិន ដែលជាតួនាទីស្ថាបនា និងសកម្មក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍន៍ ប្រកបដោយចីរភាពជាសកល។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន ដូចជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ», គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល, គំនិតផ្តួចផ្តើមសន្តិសុខសាកល និងគំនិតផ្តួចផ្តើម អរិយធម៌សាកលជាដើម។ សម្តេចតេជោ បានបង្ហាញជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះ នឹង រួមចំណែកថែរក្សាផលប្រយោជន៍សាកល អភិវឌ្ឍន៍សាកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស    ទាំងពីរ។ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យ ដែលជាការបង្ហាញ ឱ្យឃើញសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុត ដោយឈរ លើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែក ពីខាងក្រៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរ។សម្តេចតេជោ ហ៊ុន សែន បានរំលេចបន្ថែមដោយស្នើ ភាគីចិនគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀត ក្នុងគោលដៅបម្រើដល់កិច្ច អភិវឌ្ឍន៍។ សម្តេចតេជោ ក៏បានស្នើភាគីកម្ពុជា និងចិន ពង្រឹងមិត្តភាពបន្ថែមទៀតទាំងនៅក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើចិនគាំទ្ររាល់គំនិតផ្តួចផ្តើមលើកិច្ចអភិវឌ្ឍន៍នានារបស់កម្ពុជា។

ឆ្លើយតបការប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោពីសំណាក់ប្រធានាធិបតីចិននោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្ដមប្រធានាធិបតី ដែលបានគាំទ្រចំពោះ ការកសាងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដើរតួនាទី សំខាន់ណាស់ក្នុងការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ហើយក៏ផ្តល់ផលចំណេញដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច របស់កម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា
ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា