វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ០៤ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ នៅក្នុងខែឧសភាខាងមុខនេះ គ្រាដែលការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីជាង២២ម៉ឺននាក់ ស្របគ្នានឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងស្នាមម្រាមដៃ សម្រាប់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានឲ្យដឹង ថា ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥ មានចំនួន ២២០.៥៥៣នាក់ ខណៈចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥៥.៩០៤នាក់។
ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថត និង ស្នាមម្រាមដៃ ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល យ៉ាងតិច១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មាន គុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ មានចំនួនជាង ៩លាន៩៩ម៉ឺននាក់ ក្នុងនោះស្រ្តីមានចំនួនជាង៥លាន៣០ម៉ឺននាក់។ នៅមុនបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់, គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នេះ តាមមធ្យោបាយ៖ បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុង ឆ្នាំនេះ ការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥, ផ្សព្វផ្សាយនៅលើអាសយដ្ឋានវេប គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
អនុប្រធាន គ.ជ.ប មានប្រសាសន៍ថា ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ មុនពេល ដំណើរការចុះឈ្មោះការបោះឆ្នោតឆ្នាំ២០២៥នេះ មានគោលបំណងឱ្យប្រជាពលរដ្ឋ ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិ-ខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំ-កំណើត) ឬអាចប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត។ ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុម ចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការ បោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន៦.៣២៧.៧៦៦នាក់ ស្មើនឹង ៦៣,៣៣ភាគរយ នៃចំនួនលិខិតអញ្ជើញ ដែល គ.ជ.ប បានបោះពុម្ព។ ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខណៈការចុះ ឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត ចាប់អនុវត្តន៍ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា៕