សម្តេចធិបតី ៖ នាវាចម្បាំងរបស់អាម៉េរិក រុស្ស៊ី ឥណ្ឌា និងវៀតណាមនឹងចូលសំចតនៅកំពង់ផែរាម

Narith | ថ្ងៃទី 21 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ 

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងមាននាវាចម្បាំងរបស់ប្រទេសអាម៉េរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម ។
  
សម្តេចធិបតីមានប្រសាសន៍ថា មូលហេតុដែលសម្តេចបានបង្ហើបពីគម្រោងនៃការចូលចតរបស់នាវាចម្បាំងរបស់ប្រទេសមួយចំនួននេះ ដោយសារមានក្រុមឧទ្ទាមក្រៅស្រុកបានចោទប្រកាន់ថា កម្ពុជាលម្អៀងទៅរកតែមិត្តចិន ដូច្នេះនៅពេលខាងមុខដែលមាននាវាចម្បាំងទាំងអស់នេះចូលសំចតនៅផែរាមហើយ នឹងសបញ្ជាក់ពីកម្ពុជាមានសណ្តានចិត្តរាប់អាននិងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយគ្មានការរើសអើង ។ 

“យើងសហប្រតិបត្តិការសន្តិសុខជាមួយនឹងគ្រប់ប្រទេសទាំងអស់ មិនថាតែចិន សូម្បីតែជប៉ុនចូលមកក៏យើងស្វាគមន៍ដូចគ្នា ។ តិចទៀតដែលដាក់ពាក្យមក(នាវា)មានពីវៀតណាម ពីឥណ្ឌា ពីរុស្ស៊ី ត្រូវចូលមកផែហ្នឹងទៀត ចឹងពេលយើងធ្វើហើយកាន់តែរវល់ ។ ខាងអាម៉េរិកក៏គិតថាមកទៀតដែរ យើងស្វាគមន៍ទាំងអស់។ នេះគឺជាជំហរជាក់ស្តែងរបស់យើង មិនមែនយើងលើកប្រទេសទាំងមូល ទាំងកងកម្លាំងប្រដាប់អាវុធ តាំងពីថ្នាក់ក្រោមជាតិទៅដល់ថ្នាក់ជាតិ ដូចគេនិយាយនេះថា ឲ្យទៅចិនគ្រប់គ្រងនោះទេ គឺយើងនៅរក្សាទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់” ។ 

សម្តេចធិបតីបានផ្ញើសារទៅអ្នកនិយាយថា កម្ពុជាបានប្រគល់ប្រទេសទាំងមូលទៅភាគីចិនជាអ្នកគ្រប់គ្រងនោះ សូមរង់ចាំមើលជាក់ស្តែងទៅ ។
សូមបញ្ជាក់ថា ការប្រកាសទុកជាមុនរបស់សម្តេចធិបតីអំពីនាវាចម្បាំងរបស់ប្រទេសមួយចំនួនចូលសំចតនេះ បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុន គេនៅផែរាមកាលពីថ្ងៃ១៩ខែ មេសា ក្រោយកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ៥ ខែមេសាកន្លងទៅ ៕