វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២២.០៤.២០២៥
ផ្ទះផ្កាខ្មែរ ផ្តោតសំខាន់លើការច្នៃប្រឌិតរបស់មិនមានតម្លៃ ទៅជាផ្កាជាច្រើនប្រភេទយ៉ាងស្រស់ស្អាត ដែលគិតគូរសំខាន់លើការការពារបរិស្ថាន ព្រោះផ្ទះផ្កាខ្មែរ ជាហាងផលិតផ្កា និងវត្ថុអនុស្សាវរីយ៍ ដែលធ្វើចេញពីសំបកពោត ស្លឹកទ្រាំង ស្លឹកត្នោត និងរុក្ខជាតិសម្ងួតមួយចំនួន ។
លោកស្រី សុធាវី សហស្ថាបនិកផ្ទះផ្កាខ្មែរ បានលើកឡើងថា ផ្ទះផ្កាខ្មែរ ជាហាងលក់ផ្កានៅរាជធានីភ្នំពេញ ដែលផលិតផ្កាដោយដៃផ្ទាល់ ចេញពីសំបកពោត ស្លឹកទ្រាំង ស្លឹកត្នោត និងរុក្ខជាតិសម្ងួត ដើម្បីធ្វើទៅជាផ្កាច្រើនប្រភេទ មានភាពចម្រុះពណ៌ មិនប៉ះពាល់ដល់សុខភាព ព្រោះការជ្រលក់ពណ៌ជាប្រភេទលក្ខណ៍ជ្រលក់សូត្រ មានសម្រស់មិនចាញ់ផ្កាស្រស់ ថែមទាំងអាចរក្សាទុកបានយូរ ដោយមិនបារម្ភស្រពោនស្វិតដូចផ្កាស្រស់ ជាពិសេសទុកជាកាដូអនុស្សាវរីយ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ។
លោកស្រី បានបន្តថា សម្រាប់ប្រភេទផ្កានីមួយៗ គឺតែងតែផ្ដោតសំខាន់ទៅលើភាពល្អឥតខ្ចោះ ដើម្បីធ្វើឱ្យផ្កាមានសោភ័ណភាពស្រស់ស្អាត មានគុណភាពល្អ និងរក្សាទុកបានយូរ ។ ផ្ទះផ្កាខ្មែរ មានធ្វើកន្ត្រកផ្កា បាច់ផ្កា ស៊ុមផ្កា ថូផ្កា នាឡិកាតុបតែងលម្អផ្កា ដេគ័រផ្កាក្នុងកម្មវិធី តាមការចង់បានរបស់អតិថិជន ជាមួយនឹងជម្រើសផ្កាជាច្រើនប្រភេទ ដូចជា ៖ ផ្ការំដួល ផ្កាកុលាប ផ្កាលីលី ផ្កាអ័រគីដេ ផ្កាឈូករ័ត្នចម្រុះពណ៌ ជាដើម ។
« សម្រាប់ហាងផ្ការបស់យើង គឺជាហាងមួយដែលមានការចូលរួមពីសហគមន៍ គឺជាផ្កាដែលកែច្នៃពីរុក្ខជាតិសម្ងួតជាច្រើនប្រភេទ ដោយមានគោលបំណងធំនោះគឺចង់កែច្នៃរបស់ដែលមានស្រាប់ ឱ្យទៅជារបស់តុបតែងលម្អនិងអាចប្រើប្រាស់បាន ហើយជំនួសឱ្យការប្រើប្រាស់របស់ប្លាស្ទិក ក៏ដូចជាជំនួសឱ្យការនាំចូលផ្កាពីក្រៅប្រទេស » ។
លោកស្រីបានបន្តទៀតថា សម្រាប់ផ្ទះផ្កាខ្មែរបានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណជិត៥០នាក់ ដោយបានជួយឱ្យពួកគាត់មានការងារធ្វើ បន្ទាប់ពីការបំពេញការងារផ្ទះ ដែលជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ ។ ផ្កាទាំងអស់ដែលដាក់តាំងបង្ហាញនៅក្នុងហាងផ្ទះផ្កាខ្មែរទាំង២ទីតាំងក្នុងរាជធានីភ្នំពេញនេះ គឺធ្វើដោយដៃបងប្អូនប្រជាសហគមន៍ ស្ថិតនៅក្នុងភូមិត្នោតជុំ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងនោះ លោកស្រី ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមគាំទ្រផលិតផលខ្មែរដែលធ្វើដោយដៃឱ្យបានច្រើន ជាពិសេសធ្វើដល់ដៃបងប្អូនប្រជាសហគមន៍ខ្មែរ ដើម្បីផ្តល់ចំណូលបន្ថែមទៅដល់ពួកគាត់ ជាពិសេសលើកស្ទួយផលិតផលខ្មែរ ឱ្យពិភពលោកបានស្គាល់ ៕