រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ

Narith | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២២ ០៤ ២៥

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកា នៃព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធ ផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ក្រោមការ ដឹកនាំដ៏ ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
  
   យោងតាមលទ្ធផលនៃការបើក សម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន វត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍សង្ខេបរបស់
គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យ ប្រជុំ លើកទី២ និងលើកទី៣ នីតិកាលទី៥។
  ក្នុងអំឡុងរយៈពេលបីខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី២ និងលើកទី៣ (៦ មករា - ៦ មេសា ២០២៥)នីតិកាលទី៥ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកា នៃព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនស្រប តាមប្រការ ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ ដល់ជាតិ និងប្រជាពលរដ្ឋ មានជាអាទិ៍៖ក្នុងមុខងារនីតិកម្ម គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំចំនួន៣លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ចំនួន២លើក ដើម្បីពិនិត្យនិងអនុម័តលើសេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល
នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។
គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មដោយ បានជួបពិភាក្សាការងារជាមួយនឹងក្រសួង ស្ថាប័ននានា និងការចុះតាមបណ្តារាជធានី-ខេត្ត ចំនួន ២៧លើក ដើម្បីធ្វើការតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយ នានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
 ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង ៨ បានរៀបចំពិធីសំណេះ សំណាលចំនួន៥៩លើក មានអ្នកចូលរួមសរុបចំនួន៤.៩៨៨នាក់ ដើម្បីតាមដានពិនិត្យ មើលដំណើរ ការការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅជំរុញឱ្យមានការអភិវឌ្ឍតាមគោល ការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងចុះផ្សារភ្ជាប់ផ្ទាល់ជាមួយ នឹងប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោត ដើម្បីឈ្វេងយល់អំពីភាពជាក់ស្ដែងនៃសេចក្តី ត្រូវការចាំបាច់នានា ក្នុងន័យស្វែងរកដំណោះស្រាយនិងដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍ នៅតាមភូមិភាគទាំង៨។
ជាមួយគ្នានេះ ក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទាំង៨ បានសហការ ជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ (IMR) ប្រចាំកម្ពុជារបស់ សហរដ្ឋអាម៉េរិក ព្រមទាំងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងសមាគមបេសកកម្មមនុស្សធម៌ (AMH) នៅកម្ពុជារបស់ប្រទេសបារាំង ចុះទៅពិនិត្យ ព្យាបាលជំងឺទូទៅមិនយកកម្រៃ ជូនប្រជាពលរដ្ឋនៅក្នុងភូមិភាគរបស់ខ្លួន សរុបចំនួន ១.៦០៩នាក់ ។
ទន្ទឹមនឹងនេះ ក្រុមសមាជិកាព្រឹទ្ធសភាបានធ្វើវេទិកានៅខេត្តកំពត ដើម្បីបង្កើនសមត្ថភាព ដឹកនាំ គ្រប់គ្រងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្ត្រី ក្នុងការប្រកបមុខរបរអាជីវកម្ម ការគ្រប់គ្រងចំណូលចំណាយ ការយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈម និងសំណូមពរ ដោយមានសមាសភាពចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ចំនួន១៥២នាក់ អាជីវករ និង សហគ្រិនស្ត្រី ចំនួន១០៥នាក់ មកពីខេត្តកំពត ខេត្តតាកែវ និងខេត្តកែប។ 
   ជាមួយគ្នានេះ ក្រុមសមាជិកាព្រឹទ្ធ សភា បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ថវិកា ចែកជូនប្រជាពលរដ្ឋចំនួន៨០០គ្រួសារ នៅស្រុកតាំងគោក ស្រុកសណ្តាន់ និងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ព្រមទាំងចុះប្រាស្រ័យទាក់ទងនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋនិង អាជ្ញាធរដែនដីក្នុងភូមិភាគនានា និងចូលរួមក្នុងកម្មវិធីផ្សេងៗ សរុបចំនួន២៩លើក។
   ក្រៅពីនេះ សមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ បានចុះប្រាស្រ័យទាក់ទង និង សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ឧបត្ថម្ភ ជួសជុលនិងកសាងផ្លូវលំជួសជុលសាលាធម្មសភា ជីកនិងស្តារស្រះទឹក ការងារសង្គមកិច្ច ការងារមនុស្សធម៌ និងបានជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយ សំណូមពរ សំណើផ្សេងៗជូនប្រជាពលរដ្ឋ សរុបចំនួន ៣៤៤លើក ។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣១ករណី បានពិនិត្យ និងបញ្ជូនពាក្យបណ្តឹងទៅ ក្រសួង ស្ថាប័ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងអាជ្ញាធរខេត្តពាក់ព័ន្ធចំនួន១៩បណ្ដឹង កំពុងពិនិត្យសិក្សាចំនួន១២បណ្ដឹង តម្កល់ទុកមិនចាត់ការចំនួន៧ បណ្ដឹង ផ្តល់ព័ត៌មានទៅម្ចាស់ បណ្ដឹងចំនួន ២៥បណ្ដឹង ទទួលលិខិតឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន៥បណ្ដឹង។ 

ចំពោះមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តបង្កើននិងលើកកម្ពស់ការងារការទូតសភា ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកស្តារ រក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក ក្នុងពេលដែលសភាពការណ៍ពិភពលោកមានការវិវត្ត មិនថមថយ និងកើនឡើងនូវភាពមិនប្រាកដប្រជា បញ្ហាប្រឈម និងហានិភ័យខ្ពស់។

ក្នុងរយៈពេល៣ខែនៃចន្លោះសម័យ ប្រជុំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខ រដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន១៤លើក ព្រមទាំង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ចូលរួមកិច្ចប្រជុំ កំពូលទ្វេភាគីកម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាបានជួបសន្ទនានិងពិភាក្សា ជាមួយនឹងតួអង្គពាក់ ព័ន្ធទាំងអស់ រួមមានថ្នាក់ដឹកនាំបរទេសគ្រប់ជាន់ថ្នាក់ អង្គទូតនៃបណ្ដាប្រទេសជាមិត្តរបស់កម្ពុជា ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ ក៏ដូចជាស្ថាប័ន ផ្នែកធុរកិច្ច សង្គម ស្រាវជ្រាវ និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗ ចំនួន២៦លើក ព្រមទាំង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍ នៃសភាប្រើភាសាបារាំង (APF) និងកិច្ចប្រជុំពាក់ព័ន្ធ នៅ ប្រទេសវៀតណាម, ចូលរួមមហាសន្និបាតសហភាពអន្តរជាតិសភាលើកទី១៥០ (IPU-150) កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមហា សន្និបាតសហភាពអន្តរសភា និងសន្និសីទលើកទី៤ នៃបណ្តាញ សភាក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ នៅប្រទេសអ៊ូសបេគីស្ថាន, កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និង មហាសន្និបាតលើកទី១៥ នៃសភាតំបន់អាស៊ី (APA) នៅប្រទេសអាស៊ែបៃហ្សង់, កិច្ចប្រជុំគណៈកម្មា ធិការអចិន្ត្រៃយ៍នៃបណ្ដាញហ្វ្រង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំបន់អាស៊ី (APA) នៅប្រទេសអ៊ីរ៉ាក់, កិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសា បារាំង (APF) នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងទស្សនកិច្ចសិក្សាស្វែងយល់ អំពីរោងចក្រផលិតជីសរីរាង្គ និងទស្សនកិច្ច តំបន់កសិកម្ម កសិ-ឧស្សាហកម្ម នៅខេត្តសានដុង ប្រទេសចិន។

ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីស្ថាប័នទាំងអស់របស់រាជរដ្ឋាភិ បាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និង គតិបណ្ឌិតខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាងដល់គណៈកម្មការនានានៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិភាគទាំង៨ផងដែរ៕

រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ
រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ
រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ
រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ
រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ
រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ
រយៈពេល៣ខែ ព្រឹទ្ធសភារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ