វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ៤ ២០២៥
ភ្នំពេញ ៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពការងារបានប្រមាណជាង៩៦ភាគរយហើយ គ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖..
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពី ស្រែអំបិល ផ្លូវបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ១៤៨ គីឡូម៉ែត្រ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៦,០៧% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ
ឯកឧត្តម បានបន្តថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ឯកឧត្តម បានបន្តទៀតថា ខ្សែផ្លូវនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញ ការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ គម្រោងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ។ គម្រោងនេះ រួមមាន ផ្លូវ ២គន្លង មានប្រវែង ១២២គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ៕