វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២២ ៤ ២០២៥
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថារាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំបង្កើត APP ទេសចរណ៍មួយដែលបញ្ចូលនូវភាសាជាច្រើន ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនៅលើទឹកដីមហានគរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ។
លោកបណ្ឌិត យង់ ពៅបានឱ្យដឹងថា APPនេះត្រូវបានរៀបចំតាក់តែងបង្កើតឡើងដោយឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានដាក់បញ្ចូលភាសាខ្មែរ អង់គ្លេស រុស្ស៊ី និងចិន ដើម្បីបង្កការងាយស្រួលឲ្យអ្នកទេសចរបរទេសស្វែងរកតំបន់ទេសចរនានានៅកម្ពុជា ឲ្យពួកគាត់មានជំនឿទុកចិត្តថា ពេលបានមកដល់ស្រុកខ្មែរហើយ មិនធ្វើឲ្យខកបំណង និងឱកាសក្រោយចង់មកទៀត។
លោកបណ្ឌិតបន្ថែមថា Appទេសចរណ៍នេះ បាន រៀបចំឡើងតាំងពី៣ឆ្នាំមុនមកម្ល៉េះ ហើយបច្ចុប្បន្នកំពុងដំណើរការសាកល្បងជាបណ្តោះអាសន្ន ។
សំឡេង “យើងបានធ្វើ APPទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំផ្ទាល់ធ្វើអេប ទេសចរណ៍ដែលអេបនោះ មានភាសាចិននៅក្នុងហ្នឹង ។ អីចឹងរមណីយដ្ឋានទាំងអម្បាលមាណនៅក្នុងប្រទេសកម្ពុជា យើងមាននៅក្នុងអេបហ្នឹង”។
សម្រាប់ភាសាទាំងអស់ដែលបានបញ្ចូលនៅក្នុងអេបនេះ ត្រូវបានលោកបណ្ឌិតសង្កត់ធ្ងន់ទៅលើភាសាចិនផងដែរ ក្នុងគោលបំណងផ្តោតសំខាន់ទៅភ្ញៀវទេសចរចិនមកកម្ពុជា ខណៈកម្ពុជា-ចិនគឺជាមិត្តដែកថែប ។
ជាមួយគ្នានេះដែរ លោកផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា បើមិនបានចូលរួមចំណែកក្នុងការទាក់ទាញទេសចរទេ សូមកុំធ្វើសកម្មភាពបំភិតបំភ័យទេសចរឲ្យសោះ៕