វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៣.០៤.២០២៥
ភ្នំពេញ៖ ឯកឧត្តម ឆឹង ឆុង អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាដោយជោគជ័យ ហើយនេះជាដំណើរទស្សនកិច្ចលើកទី២របស់ប្រមុខ រដ្ឋចិនមកកាន់កម្ពុជា នៅក្រោយ៩ឆ្នាំ។ ឯកឧត្តម ស៊ី ជីនភីង គឺជាមេដឹកនាំប្រទេសចិនដំបូងគេ ដែល អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រទេសកម្ពុជា ដែលមានសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តម ឆឹង ឆុង អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានមានប្រសាសន៍ ថា “ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ បក្សនិងរដ្ឋាភិបាលចិន ជាពិសេស របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ផ្ទាល់ ចំពោះទំនាក់ទំនងចិន-កម្ពុជា”។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានឯកភាពគ្នាលើ ការពន្លឿនការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។ នេះជាលើកដំបូង ដែលប្រទេសចិនបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអាស៊ីអាគ្នេយ៍ឱ្យឈានដល់កម្រិត គ្រប់រដូវកាល ហើយក៏ជាសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី គ្រប់រដូវកាលដំបូងគេ ដែលប្រទេសចិន បានកសាងឡើងក្នុងកម្រិតទ្វេភាគី។ ការលើកឡើងរបស់ ឯកឧត្តម ឆឹង ឆុង បានធ្វើឡើងក្នុងកម្មវិធី បើកច្រករបៀងវប្បធម៌ កម្ពុជា ចិន នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “ការផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន” កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៥។
ឯកឧត្តម ឆី ឆុង បានបញ្ជាក់ទៀតថា ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យបានកាន់តែញឹកញាប់ថែមទៀត ហើយរួមគ្នាប្រកាសឱ្យកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍ ចិន-កម្ពុជា” ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ បេតិកភណ្ឌវប្បធម៌អរូបី ការអប់រំ និងយុវជនជាដើម។ ភាគីចិន និងកម្ពុជាសម្រេចបាននូវឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន៣៧ ក្នុងនោះ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រដ្ឋបាលជាតិភាពយន្តចិននិងស្ថាប័នជាច្រើន ទៀតរបស់ប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើវិស័យវប្បធម៌ និងភាពយន្ត ជាដើម ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។
ឯកឧត្តមបញ្ជាក់បន្ថែមថា “យើងនឹងសហការជាមួយភាគីកម្ពុជា ដើម្បីយកការអនុវត្តតាមសមិទ្ធផល នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកាន់កម្ពុជា ជាការងារស្នូល ដើម្បីបង្កើនបន្ថែមទៀតនូវ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ រៀបចំឱ្យក្រុមសិល្បៈ អ្នកស្រាវជ្រាវ និងយុវជន របស់ប្រទេសចិន និងកម្ពុជា កាន់តែច្រើនអាចផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក បន្តជំរុញការអនុវត្ត គម្រោងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា លើកទឹកចិត្តមជ្ឈដ្ឋានទេសចរណ៍នៃប្រទេស ទាំងពីរឱ្យបង្កើនទំនាក់ទំនង និងកិច្ចសហការគ្នា ជំរុញការផ្លាស់ប្តូរ បុគ្គលិកនៃប្រទេសទាំងពីរឱ្យកាន់តែ ជិតស្និទ្ធ និងលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមកអំពីអរិយធម៌រវៀងភាគីទាំងពីរ ដើម្បី ជួយប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធនឹងគ្នា និងកាន់តែរាប់អានគ្នាបន្ថែមទៀត”៕