វិទ្យុជាតិកម្ពុជា លោកគឺមហឿនស្ទឹងត្រែងថ្ងៃទី២៣ មេសា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹង ត្រែងបានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្តារប្រឡាយតភ្ជាប់ប្រព័ន្ធធារាសាស្រ្តអូរក្រសាំង មានប្រវែងជាង៦០០០ម៉ែត្រ ងាយស្រួល ឱ្យកសិករធ្វើស្រូវរដូវប្រាំង នៅឆ្នាំបន្តបន្ទាប់ និងដើម្បីរួមគ្នាលើកកម្ពស់វិស័យកសិកម្មផង។
ក្នុងឱកាសចុះពិនិត្យសកម្មភាពស្តារប្រឡាយមេប្រព័ន្ធធារាសាស្រ្តអូរក្រសាំង នៅឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖ការស្តារប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីបង្កើនផលិតភាពកសិកម្មនិងបានទប់ទល់ជាមួយផលប៉ះពាល់ពីគ្រោះរាំងស្ងួតដែលកើតឡើងពីកត្តាធម្មជាតិ ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ ប្រព័ន្ធធារាសាស្ត្រនេះគឺបានបង្កើនប្រសិទ្ធភាពប្រភពទឹក ធានាដល់ការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ សម្រាប់កសិករយើងនៅតំបន់នេះធ្វើការបង្កបង្កើនផលឱ្យបានទាំងរដូវវស្សានិងរដូវប្រាំង ព្រមទាំងដាំបន្លែបង្ការបានទៀតផង ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ នេះជាផ្នែកមួយដែលបានជួយលើកស្ទួយដល់វិស័យកសិកម្មនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយជំរុញឱ្យមានកំណើនផ្នែកសេដ្ឋកិច្ចសម្រាប់ គ្រួសារនីមួយៗស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពមោះមុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកលំ សិរីកត ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថា៖ អនុវត្តយុទ្ធសាស្ត្រដ៏រឹងមាំនេះក្រុមបច្ចេកទេសបានស្តារប្រឡាយមេនិងប្រឡាយរងជាង៦ពាន់ម៉ែត្រឱ្យប្រជាកសិករយើងដែលមានផ្ទៃដីនៅតំបន់នេះ ឱ្យពួកគាត់ធ្វើស្រូវបាន២រដូវ។
លោកបន្តថា ទំនប់នេះមានប្រវែង ៩៩៨ម៉ែត្រ ស្តុកទឹកបាន ៤,៣លានម៉ែត្រគូប មានប្រឡាយមេ ៤.០៣៧ម៉ែត្រ និងប្រឡាយរង ២.២៩៥ម៉ែត្រ មានលទ្ធភាពស្រោចស្រពផ្ទៃដីបាន ៤៨៤ហិកតា ។
លោកអ៊ាងសំអូន តំណាងឱ្យប្រជាកសិករនៅឃុំស្រែក្រសាំងបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តដែលអនុវត្តការងារបានតាមសំណូមពររបស់ប្រជាកសិករយើង ។
លោកបន្តថា៖តំណាងប្រជាកសិករសហគមន៍អូរក្រសាំង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក នឹងរួមគ្នាខិតខំធ្វើការងារបង្កើនផលស្រូវឱ្យបាន២រដូវ ដើម្បីបង្កើនជីវភាពរស់នៅឱ្យបានធូរធារ តាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត។
សូមបញ្ជាក់ថា៖តំបន់នេះមានកសិករមួយចំនួនបានទុកផ្ទៃដីចោលជាច្រើនឆ្នាំមកហើយ មិនបានចាប់អារម្មណ៍ក្នុងការធ្វើស្រូវរដូវប្រាំងនោះទេ ។ពេលនេះឯកឧត្តមអភិបាលខេត្តមានជំនឿជាក់ថាពេលមានប្រឡាយទឹក និងមានទឹកគ្រប់គ្រាន់ ប្រជាកសិករយើងនឹងរួមគ្នាងាកមកធ្វើការងារបង្កបង្កើនផលឡើងវិញ ហើយអាចរួមគ្នាកាត់បន្ថយការទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម និងការទៅធ្វើនេសាទហួសកម្រិត ៕