រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៣ ០៤ ២៥

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ ដើម្បីកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។
   ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា និងសហការីចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានក្រសួងអភិវឌ្ឍន៍ជនបទដាច់ដោយឡែក ដូចប្រទេសកម្ពុជាដែរ ដូចនេះឯកឧត្តមរដ្ឋមន្ត្រីក៏ស្នើសូមតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការផ្សារភ្ជាប់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក្នុងការចែករំលែកនូវបទពិសោធរវាងគ្នាក្នុងការរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ។
  ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាក៏បានផ្តល់ជាជំនួយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទមានដូចជាគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះតាមរយៈទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, គម្រោងលុបបំបាត់សារធាតុអាសេនិច ពីទឹកបរិភោគនៅជុំវិញបឹងទន្លេសាប, គម្រោងការការពារបរិស្ថានតាមរយៈ ការលុបបំបាត់សារធាតុបំពុល ក៏ដូចជាការផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ផងដែរ។
   ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោ បាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់លើការរៀបចំភូមិគំរូគន្លឹះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។ 
   ជាការឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung មានប្រសាសន៍ថា ការអភិវឌ្ឍជនបទនៅក្នុងប្រទេសទាំងពីរមានសភាពប្រហាក់ប្រហែលគ្នាដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ។មួយវិញទៀតរដ្ឋាភិបាលឥណ្ឌាក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួនប្រែក្លាយប្រទេសឥណ្ឌាជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៤៧ ផងដែ។  ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ឥណ្ឌា នឹងបន្តគាំទ្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត ការផ្តល់ជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទជូនដល់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៕

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឱ្យឥណ្ឌាចែករំលែកនូវបទពិសោធរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទ