វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្នមន្ទីរព័ត៌មានខេត្តបាត់ដំបង
បាត់ដំបង៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរៀប ចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដាសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម” ដែលប្រព្រឹត្តិទៅកាល ពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារ តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន លោក លោកស្រី សមាជិកសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងដៃគូសហការជាច្រើនរូប ទៀត។
អ្នកឧកញ៉ា ភួ វាសនា បានមានមតិស្វាគមន៍ដោយចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងដៃគូ សហការទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈ សំខាន់នេះ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដាសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ហើយសិក្ខាសាលានេះ នឹងផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ស្វែងយល់បន្ថែម ទៀតអំពីស្ដង់ដា និងបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើគុណភាព និងសុវត្ថិភាពផលិតផលដែលការណ៍ នេះនឹងជួយបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។ ក្នុងន័យនេះ សមត្ថភាព និងជំនាញ របស់ម្ចាស់សហគ្រាស និងបុគ្គលិក គឺមានសារៈសំខាន់ណាស់ និងជាកត្តាគន្លឹះ ក្នុងការធានាបាននូវស្ដង់ដាផលិតផល និងកេរ្តិ៍ឈ្មោះសហគ្រាស ដែលនឹងធានា ចីរភាពនៃទីផ្សារ និងភាពប្រកួតប្រជែងរយៈពេលវែង។ អ្នកឧកញ៉ាបន្ថែមទៀតថា ដោយមើលឃើញពីភាពចាំបាច់នៃការអភិវឌ្ឍជំនាញ ដល់សហគ្រិន និងបុគ្គលិកជាប្រចាំ រាជរដ្ឋាភិបាលបានបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ និងសហគ្រិនខ្មែរ ដើម្បីចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញពិតប្រាកដ ដល់សហគ្រិន និងបុគ្គលិក ក្នុងរោងចក្រ សហគ្រាសគ្រប់កម្រិត ដើម្បីធានាបានថា ពួកគាត់អាចប្រកួតប្រជែងលើឆាកជាតិ និងអន្តរជាតិបាន។
លោក ផេង សិទ្ធី បានមានប្រសាសន៍បើកសិក្ខាសាលា ដោយធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការចូលរួមពីសំណាក់ តំណាងអង្គភាព សមាគម នានា ដែលជាដៃគូ របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មកម្ពុជា មូលនិធិអភិវឌ្ឍន៍ជំនាញ និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដែលមានវត្តមាន ក្នុងកម្មវិធីនេះ ហើយសិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដានានា ទៅលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌ ដែលបានកំណត់។ ក្នុងនោះដែរ លោកអភិបាលរងខេត្តសង្ឃឹមជឿជាក់ថា ក្នុងឱកាសដ៏មានសារៈសំខាន់នេះ នឹងផ្តល់ផលវិជ្ជមានទៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងបុគ្គលិក មកពីបណ្តាសមាគមនានា អាចឈ្វេងយល់កាន់តែស៊ីជម្រៅពី នីតិវិធី បែបបទ រដ្ឋបាល និងក្បួនខ្នាតការងារពិធីការ និងបដិសណ្ឋារកិច្ច រួមទាំងលើកជាសំណួរទៅកាន់គ្រូឧទ្ទេសឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹង យកទៅអនុវត្តក្នុងអង្គភាព ឬស្ថាប័នរបស់ខ្លួន ឱ្យទទួល បានប្រសិទ្ធភាពការងារខ្ពស់៕