វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងថ្លែងសុន្ទរកថាបើកដោយឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការជាតំណាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗដូច ជា៖ ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង, ធ្វើបទបង្ហាញដោយតំណាងអង្គការសុខភាពពិភពលោក , បច្ចុប្បន្នភាពនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា និង ទស្សនៈប្រជាជនលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
បន្ទាប់ពីការធ្វើបទបង្ហាញទៅលើប្រធានបទរងទាំងនេះ កិច្ចពិភាក្សារួមស្តីពី «លទ្ធភាពនៃការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទម្រង់មួយចំនួន» ដែលសម្របសម្រួលដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានរៀបចំឡើងដោយមានការបញ្ចេញទស្សនៈពីសំណាក់វាគ្មិនទាំងអស់ និងមានការលើកឡើងជាសំណួរពីសំណាក់អ្នកចូលរួមដែលជាអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិតអញ្ជើញមកពីបណ្ដាក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។
នៅចុងបញ្ចប់នៃសិក្ខាសាលា ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ជាមួយនឹងអនុសាសន៍មួយចំនួនផងដែរ៕