វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ មេសា ២០២៥
អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីនៅតែប្រឈមនឹងការខ្វះខាតសព្វាវុធមួយចំនួន ជាពិសេសគឺដ្រូន បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មនៅក្នុងស្រុកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋ លោក ពូទីន បាននិយាយថា "ខ្ញុំដឹងយ៉ាងច្បាស់ថា អាវុធទាំងនេះ ជាពិសេសគឺដ្រូននៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ"។ លោកក៏បានអះអាងដែរថា សហគ្រាសការពារជាតិស្ទើរតែទាំងអស់បានបំពេញការបញ្ជាទិញកាលពីឆ្នាំមុន ហើយផលិតកម្មបានកើនឡើងខ្លាំង។ លោកក៏បានអះអាងទៀតថា "ការផលិតសព្វាវុធ ឧបករណ៍ទំនាក់ទំនង ឧបករណ៍ឈ្លបយកការណ៍ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក បានកើនឡើងទ្វេដង"។ កងទ័ពបានទទួលរថពាសដែកជាង ៤,០០០គ្រឿង យន្តហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រ ១៨០គ្រឿង ព្រមទាំងដ្រូនជាង ១,៥លានគ្រឿងក៏ត្រូវបានផលិតផងដែរ។ គួរបញ្ជាក់ថា លោក ពូទីន បានបង្ហាញទំនុកចិត្តថា ផែនការបង្កើនការផលិតដ្រូននឹងត្រូវបានសម្រេច ព្រោះកងទ័ពនៅជួរមុខកំពុងរង់ចាំយ៉ាងអន្ទះសា។ ការអត្ថាធិប្បាយនេះហាក់បង្ហាញសញ្ញាថា រុស្ស៊ីមានបំណងជំរុញផលិតកម្មយោធាបន្ថែមទៀត ក្នុងឆ្នាំទីបួននៃសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាកំពុងមានការពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីលទ្ធភាពបញ្ចប់ជម្លោះក៏ដោយ៕