វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៤ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) បានណែនាំ ក៏ដូចជាអំពាវនាវឱ្យបរិយាកាសនយោបាយរក្សាបាននូវភាពស្ងប់ស្ងាត់ ប្រកប ដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយរលូនល្អ និងទទួលបានជោគជ័យ។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នៅថ្ងៃទី២៤ ខែមេសានេះ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានថ្លែងថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនិងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត។ ឯកឧត្តម បានរំលឹកថា អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
គ.ជ.ប បានប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីជាង២២ម៉ឺននាក់ ស្របគ្នានឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងស្នាមម្រាមដៃ សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ មានចំនួនជាង៩លាន៩៩ម៉ឺននាក់ ក្នុងនោះស្រ្តីមានចំនួនជាង៥លាន៣០ម៉ឺននាក់។
ចាប់ពីឆ្នាំ២០២៥នេះតទៅ គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ដែលហៅជាបច្ចេកទេសថា «ទិន្នន័យជីវមាត្រ» សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប៕