សម្តេចតេជោ ៖ កម្ពុជា-ថៃ ត្រូវរួមគ្នាពង្រឹងទំហំពាណិជ្ជកម្មបន្ថែម ខណៈពិភពលោកកំពុងប្រឈមសង្គ្រាមពាណិជ្ជកម្ម

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៤ ៤ ២០២៥

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃត្រូវរួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀតទៅលើទំហំពាណិជ្ជកម្ម ខណៈបច្ចុប្បន្ននៅក្នុងពិភពលោកកំពុងជួបបញ្ហាប្រឈមផ្នែកសង្គ្រាមពាណិជ្ជកម្ម ។
   អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ 

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសទទួលស្វាគមន៍ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃ ក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ 

បើតាមឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភា សម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគីអនុតំបន់ ដូចជា អេម៉ិក និងក្របខណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច ។
សំឡេង “សម្តេចតេជោបញ្ជាក់ថាជំនួបជាមួយលោកជំទាវនាពេលនេះ ចំពេលដែលពិភពលោកទាំងមូលកំពុងធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយជាស្ថានភាពមួយដ៏លំបាកដែលកំពុងរងផលប៉ះពាល់ ។សម្តេចតេជោបានរំលេចថា ទន្ទឹមនឹងការជួបការលំបាកនេះភាគីទាំងពីរ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកនូវកិច្ចសហការប្រតិបត្តិការជាមួយគ្នា ដោយពង្រីកនូវទំហំពាណិជ្ជកម្មដែលមានក្នុងនាមជាប្រទេសជិតខាងជាមួយគ្នា និងប្រើប្រាស់យន្តការដែលមានស្រាប់”។ 

បន្ថែមពីលើនេះ សម្តេចតេជោ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវនៅឡើយនោះទេ ដែលត្រូវទាមទារថែមពាក្យ «គ្រប់ជ្រុងជ្រោយ» ទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាពក្នុងការលើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត ៕