វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៤ ២៥
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋច្រើន ជាង ៩០% បានគាំទ្រឱ្យរាជរដ្ឋាភិបាលដាក់កំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់តាមរយៈការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារឬរូបភាពអូសទាញពង្វក់ ការមិនឱ្យតារា ឬអាយដុល (Idol) របស់កុមារនិងយុវជន ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការមិនឱ្យដាក់រង្វាន់ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹង ការមិនឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា និងការដក/ទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវសាធារណៈ ឬតាមមុខផ្ទះប្រជាពលរដ្ឋ ដូចដែលរដ្ឋបាលខេត្តភាគច្រើនបានធ្វើកន្លងមក។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វ ផ្សាយស្តីពី “ លទ្ធផលការអង្កេតស្តីពីទស្សនៈប្រជាជន លើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង" ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. នៃក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស.បានសម្ដែងសេចក្តីសោមនស្សរីករាយអំពីលទ្ធផល ការអង្កេតស្តីពីទស្សនៈប្រជាជនលើការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿង ស្រវឹង” ដើម្បីបង្ហាញទស្សនៈរបស់ប្រជាជន ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សម្រាប់ចូលរួមចំណែក ក្នុងការរៀប ចំគោលនយោបាយផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យមានប្រសិទ្ធភាព និងចូលរួមថែរក្សា ពង្រឹងវិស័យ សុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនកម្ពុជា និងការរៀបចំសណ្តាប់ធ្នាប់ការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។
ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ជ.ស. ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធាន ក.គ.ផ.ស. មានក្រសួង ស្ថាប័នចំនួន១២ចូលរួម ដោយលទ្ធផលនៃការអនុវត្តច្បាប់ វិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ ក.គ.ផ.ស. ក្នុងការ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទទួលបានលទ្ធផលជាវិជ្ជមាន៖ ១- ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និង KOL, MMO បានដាក់ពាក្យស្នើសុំចុះ បញ្ជីដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មស្របច្បាប់ ២- ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធ បានដាក់ពាក្យស្នើសុំផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងតាមរយៈយន្តការច្រកចេញ ចូលតែមួយ ធានាខ្លឹមសារការផ្សាយពាណិជ្ជកម្ម ៣- ប៉ាណូ អាហ្វីស និងស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ បានដាក់សារព្រមានដែលមានទំហំ១/៤ នៃទំហំផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចជា “ពិសា គ្រឿងស្រវឹង សូមកុំបើកបរ ឬ ពិសាដោយការទទួល ខុសត្រូវ” ជាដើម ៤- ប៉ាណូមួយចំនួនបានប្ដូរពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬឡូហ្គូគ្រឿងស្រវឹង ដែលមាន ទំហំធំមកផ្សាយសារអប់រំធំៗ និងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទំហំតូចនៅក្រោមសារអប់រំ និង៥-ប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ និងទីសាធារណៈមួយចំនួនបានប្តូរមក ផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការអប់រំ ជាដើម។
«ការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាល មិនឈានដល់បិទការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងទាំងស្រុងនោះទេ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ឱ្យជ្រុល ហួសហេតុដែលធ្វើឱ្យការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងបាត់បង់ការទទួលខុសត្រូវ និងថ្លឹងថ្លែងអំពីការ ធានានិរន្តរភាពនៃដំណើរការលូតលាស់នៃសេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាជនកម្ពុជា និងជួយ ប្រព័ន្ធផ្សព្វផ្សាយដែលជាមធ្យោបាយក្នុងការផ្ដល់ព័ត៌មាន ការអប់រំ កម្មវិធីកម្សាន្ត និងផ្សព្វផ្សាយគោល នយោបាយរបស់រាជរដ្ឋាភិបាលអាចដំណើរការទៅមុខ រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។»
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាននៃ ក.គ.ផ.ស. ក្រុមហ៊ុនធុរកិច្ចផលិតផលគ្រឿងស្រវឹង និងដៃគូពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍ ១៧ ចំណុចរបស់ ក.គ.ផ.ស. គោលការណ៍ “ឆន្ទៈល្អ” និងវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋ សុខុមាលភាពសាធារណៈ និងជួយប្រព័ន្ធផ្សព្វផ្សាយឱ្យដំណើរការទៅមុខ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាងប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ឆ្នាំ២០២៣
កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿង ស្រវឹងក៏ដោយ យើងសង្កេតឃើញ ថា វិធានការមួយចំនួនដូចជាមិន ទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២% នៅឆ្នាំ២០២៣ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី ។
ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាកត្តាចម្បងដែលជំរុញឱ្យមាន ការកើនឡើងនៃការប្រើប្រាស់បែប នេះ ៕