ពលរដ្ឋខ្មែរ មានអត្តសញ្ញាណបណ្ណអស់សុពលភាព ត្រូវដាក់ពាក្យស្នើសុំធ្វើថ្មី

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយត្រូវបំពេញបែបបទ និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនទៅមន្ត្រីមានសមត្ថកិច្ច។
នេះយោងតាមសេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្ត បានសម្រេចបន្ថែមចំណុចសំខាន់ៗ មួយចំនួន ដូចជា ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានទម្រង់ជាសន្លឹកប្លាស្ទិក ឬជាទម្រង់អេឡិចត្រូនិក ដែលអាចធ្វើអន្តរកម្មជាមួយប្រព័ន្ធផ្សេងទៀត សម្រាប់សេវាកម្មឌីជីថល។
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅរួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ “គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព អចិន្ត្រៃយ៍ គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី៦០ឆ្នាំឡើង៕

ពលរដ្ឋខ្មែរ មានអត្តសញ្ញាណបណ្ណអស់សុពលភាព ត្រូវដាក់ពាក្យស្នើសុំធ្វើថ្មី
ពលរដ្ឋខ្មែរ មានអត្តសញ្ញាណបណ្ណអស់សុពលភាព ត្រូវដាក់ពាក្យស្នើសុំធ្វើថ្មី