វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី ២៤ មេសាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង .ប្រធានអន្តរាគមន៍ប្រយុទ្ធនឹងជំងឺឆ្លងនៃមន្ទីរសុខាភិ បាលខេត្តស្ទឹងត្រែង បានសំណូមពរឱ្យប្រជាពលរដ្ឋនៅរដូវក្តៅនេះ សូមលើកកម្ពស់ការថែទាំសុខភាពតាម រយៈការរស់នៅស្អាតចេះធ្វើអនាម័យហើយបន្លែបង្ការត្រូវលាងឱ្យស្អាត ត្រីសាច់ចំអិនឱ្យឆ្អិនល្អ មុនពេលយកទៅបរិភោគ ។
ចំពេលអាកាសធាតុមានការប្រែប្រួលក្នុងរដូវប្រាំងក្តៅហួតហែង នៅថ្ងៃទី២៤មេសាឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលនិងជាប្រធានអន្តរាគមន៍ប្រយុទ្ធនឹងជំងឺឆ្លងនៅខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ការចង់ឱ្យធ្វើបែបនេះ គឺដើម្បីបញ្ចៀសនូវជំងឺឆ្លងផ្សេងៗនៅតាមគ្រួសារនិងសហគមន៍ ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួល ដូចនេះចូរបងប្អូនប្រជាពលរដ្ឋគិតពីការថែទាំសុខភាពក្នុងជីវិតរស់នៅទៅតាមគ្រួសារនិងនៅតាមសហគមន៍ ។
បន្លែជួនកាលនៅតាមសហគមន៍បងប្អូនប្រជាពលរដ្ឋ លោកប្រើប្រាស់ថ្នាំ បង្ការការពារសត្វល្អិត ដល់ពេលយើងយកមកទទួលទានគឺ យើងមិនបានលាងស្អាត ធ្វើឱ្យការបរិភោគរបស់យើង បណ្ដាលឱ្យកើតមានជំងឺរាគរុស កត្តានេះឱ្យបងប្អូនធ្វើម៉េច ការបរិភោគអាហារជាពិសេស បន្លែផ្លែឈើ ត្រូវលាងឱ្យស្អាតមុនបរិភោគ ហើយត្រីសាច់ត្រូវចម្អិនឱ្យឆ្អិន មុននឹងបរិភោគ ហើយត្រូវលាងទុកដាក់ ឱ្យមានអនាម័យខ្ពស់ ដើម្បីជៀសផុតអំពី ការឆ្លងនូវជំងឺផ្សេងៗ។
លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖នេះជាកិច្ចការរួមគ្នា ហើយ ចំណែកមន្ត្រីជំនាញខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានជំរុញកសិករឱ្យផលិតបន្លែសរីរាង្គឱ្យបានច្រើនមុខ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារ ធ្វើឱ្យបន្លែផលិតក្នុងស្រុកមានភាពសម្បូរបែបហើយបន្លែនោះត្រូវមានសុវត្ថិភាព។
លោកបន្តថា៖ ជាមួយគោលការណ៍នេះយើងបានជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើតសួនបន្លែរបស់ខ្លួនឯងនិងដាំដុះសម្រាប់បរិភោគជាលក្ខណៈគ្រួសារ ក្រៅពីនោះបងប្អូនអាជីវករដែលនាំចូលបន្លែមកលក់ត្រូវគិតពីគុណភាពដើម្បីអតិថិជនទិញទៅបរិភោគមិនបង្កផលប៉ះពាល់ដល់សុខភាព។
ជារួមសម្រាប់អាជីវករដែលហៅថាឈ្មួញកណ្ដាល ដែលនាំបន្លែចូលមកនេះសូមគិតគូរពីសុវត្ថិភាព គិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅ កុំគិតពីប្រាក់ចំណេញធំពេក បើសិនជាបងប្អូនបានប្រាក់ចំណេញតែវាប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលទទួលទាននេះក៏មិនល្អដែរ ដូច្នេះយើងគួរតែស្វែងយល់រួមគ្នាដើម្បីសង្គមជាតិយើងទាំងអស់គ្នា។
លោកស្រីដាឡែន អ្នកលក់បន្លែនៅផ្សារធំសាមគ្គី ស្ទឹងត្រែងបានបញ្ជាក់ថា៖ក្នុងនាមអាជីវករបានចូលរួមគិតពីចំណុចនេះហើយ និងបាននាំបន្លែមកលក់តាមតម្រូវការរបស់អ្នកបរិភោគតែប៉ុណ្ណោះ ហើយបច្ចុប្បន្នយើងបានលក់បន្លែកសិករយើងដាំច្រើនមុខ ជាងបន្លែនាំចូល។
សូមបញ្ជាក់ថា៖ ចំពោះបន្លែនាំចូលមានស្ពៃក្តោប ការ៉ុត ខ្ទឹមបារាំង ឆៃថាវ ម្ទេសប្លោក ផ្សិតវែងនិងប្រភេទបន្លែស្លឹកមួយចំនួនទៀត តែមិនដឹងថាបន្លែណាមួយមានកាកសំណល់កសិកម្មច្រើននោះទេលុះតែមន្ត្រីក ប ប មកពិនិត្យទើបដឹងច្បាស់ តែសំខាន់អ្នកបរិភោគទិញយកទៅត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាលជាការល្អប្រសើរ ៕