វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ មេសា ២០២៥
អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វីលីពីនបានឱ្យដឹងថា ហ្វីលីពីនកំពុងត្រៀមទទួលបានប្រព័ន្ធមីស៉ីល BrahMos ថ្មីទៀតពីប្រទេសឥណ្ឌា ដើម្បីយកមកពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន ចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការមកដល់នៃប្រព័ន្ធមីស៉ីល BrahMos ឈុតទី២ ក្នុងចំណោម ៣ឈុត ដែលទីក្រុងម៉ានីល បានយល់ព្រមទិញនៅក្រោមកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០២២ ជាមួយក្រុមហ៊ុនឥណ្ឌា Brahmos Aerospace ក្នុងចំនួនទឹកប្រាក់ ៣៧៥លានដុល្លារ។ ប្រព័ន្ធ BrahMos ឈុតដំបូង ត្រូវបានប្រគល់មកដល់ដៃហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០២៤។ ប្រព័ន្ធ BrahMos គឺជាមីស៉ីលគ្រូសល្បឿនលឿនជាងសំឡេងកម្រិត supersonic ដែលអាចបាញ់បានចម្ងាយ ២៩០គីឡូម៉ែត្រ ហើយវាគឺជាផ្នែកមួយនៃកម្មវិធីទំនើបកម្មយោធារបស់ហ្វីលីពីន។ គួរបញ្ជាក់ថា ការប្រគល់ប្រព័ន្ធមីស៉ីលខាងលើ គឺចំពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានស្ថិតក្នុងភាពល្អក់កករ ដោយសារតែការប៉ះទង្គិចគ្នាយ៉ាងញឹកញាប់រវាងភាគីទាំងពីរ នៅតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ៕