វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈមន្ទីរព័ត៌មានស្វាយរៀង
ស្វាយរៀង៖ នៅព្រឹកទី ២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ៣៥ ជាលទ្ធផលរង្វាន់ធំរថយន្ត ម៉ាក KIA Morning ស៊េរី ២០១១ ចំនួនពីរគ្រឿង បានទៅលើប្រជាពលរដ្ឋនៅឃុំគគីសោម ស្រុកស្វាយទាប និងឃុំសម្បត្តិមានជ័យ ខណៈដែលម៉ូតូ HONDA WAVE 110 ស៊េរី ២០២៥ ចំនួន ៣ គ្រឿងបានទៅលើមន្ត្រីស្នងការដ្ឋាននគរបាលខេត្ត , ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ និងមន្ត្រីមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងរង្វាន់មួយចំនួនទៀត ត្រូវបានមកបើកជាបន្តបន្ទាប់ នៅសាខា ។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា អស់រយៈពេល ១៧ ឆ្នាំកន្លងផុតទៅ ចាប់ពីឆ្នាំ ២០០៧-២០២៥ ជារៀងរាល់ឆ្នាំសាខាបានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ មានចំនួន ២លើកក្នុង១ឆ្នាំ ក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាឱកាសឱ្យមន្រ្តីរាជការ បុគ្គលិក និងប្រជាជនយើងបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការទិញសន្លឹកឆ្នោត និង ផ្សងសំណាងត្រូវរង្វាន់វត្ថុអនុស្សាវរីយ៍ ។
ឯកឧត្តមបន្តថា ការចេញឆ្នោតនេះមិនមែនសម្រាប់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់នោះឡើយ គឺអនុវត្ត ក្នុងចលនាកាកបាទក្រហម នៃការងារកៀរគរមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅថ្នាក់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុក ទាំង ៨ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា សូមសំដែងនូវការអបអរសាទរ ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកកងកម្លាំងទាំងបី ប្រជាពលរដ្ឋ នៅតាមក្រុង ស្រុក ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងតែបានជួយគាំទ្រ និងទិញសន្លឹកឆ្នោតវត្ថុ អនុស្សាវរីយ៍ ក្នុងការចូលរួមចំណែកធ្វើវិភាគទានតាមលទ្ធភាព ទោះតិច ឬច្រើនតាមឆន្ទៈផ្ទាល់ខ្លួន សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង និងការផ្សងសំណាងត្រូវរង្វាន់ផង ។
ឯកឧត្តមបានចាត់ទុកសកម្មភាពនេះជាកាយវិការដ៏ល្អប្រពៃ គួរឱ្យកោតសរសើរ និងមានមោទនភាព ណាស់សម្រាប់ខេត្តស្វាយរៀង ដែលជានិច្ចកាល សាខា បានអនុវត្តតាមចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហមលើពិភពលោកក្នុងការកៀរគរធនធាន ក្នុងន័យមនុស្សធម៌ និងជាមគ្គុទេសដឹកនាំ ដ៏ឧត្តុង្គឧត្តម របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ៕