កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៥ ០៤ ២០២៥)
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានិងថៃបានឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែម ដែលមានស្រាប់ ក្នុងការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់ រវាងប្រទេសទាំងពីរ ។    អ្នកយកព័ត៌មានយើងព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ការឯកភាពរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានធ្វើឡើងក្នុងឱកាសដែលលោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា សម្តេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ នាយករដ្ឋមន្ត្រីថៃ នៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ភាគីទាំងពីរ ដាក់ចេញនូវសកម្មភាពគន្លឹះ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងជំរុញការផ្លាស់ប្តូរឱ្យកាន់តែជិតស្និទ្ធ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ក្នុងនោះចំពោះវិស័យសន្តិសុខ ប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែម ដែលមានស្រាប់ ក្នុងនោះការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។
ជាមួយគ្នានេះ ចំពោះបញ្ហាព្រំដែន កម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់ នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ដោយប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសក្នុងចំណោមបណ្តាអង្គភាព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាដើម។
ជាការឆ្លើយតប លោកស្រី នាយករដ្ឋមន្ត្រីថៃ បានលើកឡើងពីការពង្រឹងភាពជាដៃគូផ្នែកសន្តិសុខ ការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យយោធា, ការពង្រឹងភាពជាដៃគូនៃកងនគរបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ឋអនឡាញ និងការបន្តលុបបំបាត់បណ្តាញ ឧក្រិដ្ឋកម្មនេះឱ្យអស់ ពីតំបន់ព្រំដែនកម្ពុជា-ថៃ, ការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូព័ត៌មាន និងកសាងសមត្ថភាពការប្រឆាំង នឹងការបំពុលខ្យល់ ការបង្កើនល្បឿនការអភវឌ្ឍនៅតាមបំតន់ព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពិសេសនៅតាមព្រំដែន នៃប្រទេសទាំងពីរផងដែរ៕

កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន