ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ នឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យឈានដល់កម្រិតកាន់តែខ្ពស់បន្ថែមទៀត

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៥ ០៤ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានឯកភាពនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យឈានដល់កម្រិតកាន់តែខ្ពស់បន្ថែមទៀត ដើម្បីនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។
ការឯកភាពរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើកិច្ចការអាស៊ាន និងតំបន់សំខាន់ៗ ដូចជា ការជំរុញប្រទេសទីម័រឡេស្ត ឱ្យចូលជាសមាជិកអាស៊ាន នៅឆ្នាំ២០២៥នេះ និងតួនាទីសំខាន់របស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ នៃការឯកភាពនិងមជ្ឈភាពរបស់អាស៊ាន ជាពិសេសក្នុងបរិការណ៍ នៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
ក្នុងនោះ សម្រាប់ទិសដៅបន្ត ភាគីទាំងពីរ បានឯកភាពនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យឈានដល់កម្រិតកាន់តែខ្ពស់បន្ថែមទៀត ដើម្បីនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ នឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យឈានដល់កម្រិតកាន់តែខ្ពស់បន្ថែមទៀត