វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មេសា ២០២៥
អន្តរជាតិ៖ ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាសន្តិភាព ប៉ុន្តែមិនដើម្បីចុះចាញ់នោះឡើយ ខណៈដែលខ្លឹមសារលម្អិតបានលេចឡើងនៅក្នុងសេចក្តីរាយការណ៍ស្តីពីសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងមួយ ដែលអ៊ុយក្រែនត្រូវលះបង់ ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រីឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែនបាននិយាយថា "កិច្ចព្រមព្រៀងនឹងមិនអាចកើតមានឡើយប្រសិនបើផ្តល់ឱ្យរុស្ស៉ីនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ រួចត្រឡប់មកសាជាថ្មី ជាមួយហិង្សាកាន់តែខ្លាំង។ ប្រជាជនរបស់យើង នឹងមិនទទួលយកដាច់ខាត ចំពោះជម្លោះដែលត្រូវបានផ្អាក តែបន្លំធ្វើជាសន្តិភាព"។ លោកស្រីបានបន្តថា បទឈប់បាញ់ពេញលេញមួយទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក គឺជាជំហានដំបូងដែលចាំបាច់បំផុត។ គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍អំពីខ្លឹមសារលម្អិតនៃសំណើមួយរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងរវាងទីក្រុងកៀវនិងទីក្រុងមូស្គូ ដែលចង់ឱ្យមានការទទួលស្គាល់ជាផ្លូវការ ចំពោះឧបទ្វីបគ្រីមៀជាកម្មសិទ្ធិរបស់រុស្ស៊ី រួមជាមួយការគ្រប់គ្រងរបស់មូស្គូ លើទឹកដីអ៊ុយក្រែនភាគច្រើនដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៊ី៕