វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មេសា ២០២៥
អន្តរជាតិ៖ ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថាការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់ សហរដ្ឋអាមេរិកឡើងវិញ។ កាលពីថ្ងៃព្រហស្បតិ៍ទីក្រុងប៉េកាំង បានចេញមុខច្រានចោលចំពោះការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាង អាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា "ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះគឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ ការអះអាងណាមួយអំពីវឌ្ឍនភាព នៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺជាការអះអាងពុំមានមូលដ្ឋាន និងគ្មានការពិត"។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធលោក ដូណាល់ ត្រាំ បានឆ្លើយតបក្រុមអ្នកសារព័ត៌មាននៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៊ីនតោន កំពុងនិយាយជាមួយទីក្រុងប៉េកាំង ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា អ្វីៗកំពុងតែមានសកម្មភាព។ ម៉្យាងវិញទៀតនៅពេលត្រូវបានសួរថា តើមានការទាក់ទងគ្នាផ្ទាល់រវាងអាមេរិក និងចិន ស្តីពីបញ្ហាពាណិជ្ជកម្មដែរឬទេ លោក ត្រាំ បានឆ្លើយថា មានជារៀងរាល់ថ្ងៃ៕