រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់លោក Moon Jae In អតីតប្រធានាធិបតីពីបទទទួលសំណូក

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មេសា ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោក Moon Jae In អតីតប្រធានាធិបតីពីបទសង្ស័យទទួលសំណូកក្នុងសំណុំរឿងពាក់ព័ន្ធការតែងតាំងកូនប្រសារបស់លោក នៅក្រុមហ៊ុនអាកាសចរណ៍ថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Moon ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ខណៈអតីតសមាជិកសភាលោក Lee Sang Jik ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងរំលោភទំនុកចិត្ត។ កន្លងមកនេះរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតដើម្បីកំណត់ថា តើការតែងតាំងលោក Lee ជាប្រធានទីភ្នាក់ងារ SMEs និង Startups តាមពិតគឺជាការដោះដូរដើម្បីឱ្យកូនប្រសាប្រុសរបស់លោក Moon ទទួលបានការងារ ហើយបានប្រាក់ខែបូករួមជាមួយលុយអត្ថប្រយោជន៍ផ្សេងទៀត នៅអាកាសចរណ៍ Eastar Jet ដែលលោក Lee ជាអ្នកគ្រប់គ្រងកាលពីចន្លោះឆ្នាំ២០១៨-២០២០ ឬយ៉ាងណា។ ខាងរដ្ឋអាជ្ញាបានអះអាងថា ប្រាក់ខែនិងលុយផ្សេងទៀត ដែលកូនប្រសាលោក Moon ទទួលបានអំឡុងពេលកាន់តួនាទីជានាយកចាត់ចែងនៅអាកាសចរណ៍ Eastar Jet សរុបប្រមាណ ២១៨លានវ៉ុន (១៧៧,៥០៦ដុល្លារ) គឺមានភាពមិនប្រក្រតី ហើយស្មើនឹងការផ្តល់សំណូកឱ្យទៅលោក Moon។ គួរបញ្ជាក់ថា លោក Moon Jae in បានកាន់តំណែងជា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ លោក Yoon Suk Yeol បានក្លាយជាប្រធានាធិបតី បន្តពីរូបលោក។ យ៉ាងណាមិញ លោក Yoon ត្រូវបានតុលាការធម្មនុញ្ញ ទម្លាក់ពីតំណែងក្នុងខែមេសានេះ ដោយសារតែការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន។ ក្រោយអស់តំណែង លោក Yoon ក៏កំពុងប្រឈមផងដែរ នូវសំណុំរឿងចោទប្រកាន់ដឹកនាំការបះបោរ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនោះ ប្រសិនបើត្រូវរកឃើញមានទោសមែននោះ គឺរូបលោកអាចត្រូវជាប់ពន្ធនាគារមួយជីវិត ឬត្រូវប្រហារជីវិត៕