កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៤ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យ គ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរដ៏គួរឱ្យកោតសរសើរនិងសាទរជាទីបំផុត។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ សេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ដែលជាគំនិតផ្តួចផ្តើម សកលក្នុងការអន្តរាគមន៍យុទ្ធនាការសុខភាពឡើងវិញ ដោយពន្លឿនការលុបបំបាត់ជំងឺតាមរយៈការលើកកម្ពស់ ការយកចិត្តទុកដាក់ ទំនួលខុសត្រូវរួមគ្នា និងកៀរគរធនធានបន្ថែមទៀត។ 
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ ទាមទារឱ្យមានការលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវឱ្យមានវិធីសាស្ត្រឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹកចិត្ត ដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវផ្តុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាលនិងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ឆ្នាំ២០២៥នេះជាឆ្នាំចុងក្រោយ នៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។ ប្រទេសកម្ពុជាមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡី្ហករណ៍គួរជាទីមោទកភាពខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។
ប្រទេសកម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែកម្ពុជាក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ កម្ពុជាត្រូវតែបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅ លុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា៕

កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥
កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥
កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥
កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥
កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥
កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥
កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥