វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៤ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្ឃឹមថា ភាគីពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ នឹងបន្តគាំទ្រក្នុងការចូលរួមសហការគ្នាអនុវត្តឱ្យអស់ពីលទ្ធភាពដែលខ្លួនកំពុងមាន ដើម្បីសម្រេចបានគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ក៏ដូចជាឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ ១០០ភាគរយ។
ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែកម្ពុជាក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ កម្ពុជាត្រូវតែបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស។
ជាមួយគ្នានេះត្រូវជំរុញការផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់កម្រិត របស់ ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង អង្គភាពពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធទាំងអស់ដែលបាន ខិតខំចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្ត្រនេះ ប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវា សុខាភិបាលសមធម៌ដល់ប្រជាជនប្រឈមជំងឺគ្រុនចាញ់នៅទូទាំងប្រទេសទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ បន្ថែមពីនេះទៀតទាំងអស់គ្នាចូលរួមទទួលខុសត្រូវខ្ពស់ក្នុងប្រតិបត្តិការ សកម្មភាពចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ភាគី ពាក់ព័ន្ធគ្រប់កម្រិតទាំងអស់នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពីលទ្ធភាពដែលខ្លួនកំពុងមាន ដើម្បី សម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ តទៅ ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕