វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៥ ០៤ ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីរំពឹងថា កម្ពុជា និងថៃ នឹងខិតខំធ្វើកិច្ចការងារជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយគ្នា ដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
ការសម្តែងក្តីរំពឹងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ជាមួយលោកស្រី ជំទាវ ដែលបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចតេជោប្រធានព្រឹទ្ធសភា បានចាត់ទុកវត្តមានរបស់ លោកស្រីនាយករដ្ឋមន្ត្រី ដែលស្របខួបអនុស្សារីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសពីរ កាន់តែល្អប្រសើរបន្ថែមទៀត ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះការពិភាក្សាគ្នា ប្រកបដោយផ្លែផ្ការវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខារួមគ្នា លើឯកសារសំខាន់ៗជាច្រើន។
សម្តេចតេជោប្រធានព្រឹទ្ធសភា រំពឹងថា ភាគីទាំងពីរនឹងខិតខំធ្វើកិច្ចការងារជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយគ្នា ដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅពេលអនាគត។
សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏ឆ្លៀតអរគុណចំពោះ លោជំទាវនាយករដ្ឋមន្ត្រី ដែលបានយកចិត្ត ទុកដាក់ក្នុងការជួយដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដោយសម្តេច បានលើកឡើងថា បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចរបស់ថៃ ផងដែរ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ជំនួបជាមួយលោកជំទាវ នៅពេលនេះស្របពេលដែលពិភពលោកទាំងមូល កំពុងតែធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលទាមទារឱ្យភាគីទាំងពីរ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយពង្រីកទំហំពាណិជ្ជកម្ម ក្នុងនាមជាប្រទេសជិតខាងគ្នា និងប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជាយន្តការតាមរយៈក្របខ័ណ្ឌអាស៊ាន ក៏ដូចជា RCEP ជាដើម ដើម្បីធ្វើយ៉ាងណាពង្រីក ទំហំពាណិជ្ជកម្ម ការនាំចេញនាំចូលរវាងប្រទេសទាំងសងខាង ឱ្យកាន់តែមានការកើនឡើងទៅមុខបន្ថែមទៀត។
ឆ្លៀតក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការបាត់បង់ជីវិត និងជនរងគ្រោះ ព្រមទាំង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបណ្តាលមកពីការរញ្ជួយដី នាពេលថ្មីៗនេះ។
ជាមួយគ្នានេះ លោកជំទាវនាយករដ្ឋមន្ត្រីថៃ បានបង្ហាញពីក្តីត្រេកអរ និងថ្លែងអំណរគុណជាអនេកជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតជូន លោកស្រី និងគណៈប្រតិភូ បានចូលជួបសម្តែង ការគួរសមនិងពិភាក្សាការងារ និងបានថ្លែងការកោតសរសើរ ពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕