វិទ្យុជាតិកម្ពុជា អេង នារីរតន៍
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសប្តេជ្ញាការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរបរទេស ដើម្បីបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ការប្រកាសការពារសន្តិសុខសុវត្ថិភាពដល់វិនិយោគិន និងភ្ញៀវទេសចរបរទេសរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនេះ ដោយសារពិភពលោកបានស្ថិតក្នុងបរិយាកាសមួយដែលមានការប្រែប្រួលស្មុគស្មាញ ។
យោងតាមសេចក្ដីណែនាំដរបស់ឯកឧត្តមរដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគ និងវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូន ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិយ៉ាងច្រើន។
សេចក្តីណែនាំបន្តថា ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងអភិបាលរាជធានី-ខេត្តត្រូវម្ចាស់ការបានគ្រប់កាលៈទេសៈក្នុងការក្តាប់ព័ត៌មានទាក់ទងនឹងឧបាយកលសកម្មភាពបំផ្លិចបំផ្លាញមកលើវិស័យវិនិយោគ និងទេសចរណ៍ពីសំណាក់ពួកភេរវជន និងពួកអមិត្តគ្រប់ប្រភេទ ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ និងបំបាត់ប្រសិទ្ធភាពបានទាន់ពេលវេលា។
ជាមួយគ្នានេះ ត្រូវការពារឱ្យបានដាច់ខាតនូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់វិនិយោគិនបរទេស បុគ្គលិករដ្ឋបាល អ្នក បច្ចេកទេស និងអ្នកទេសចរណ៍បរទេស ក្នុងរយៈពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទុកឱ្យឧក្រិដ្ឋជន ឬជនទុច្ចរិតបង្កឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយឡើយ។ រក្សាឱ្យបានសុវត្ថិភាពរាល់ទីតាំងវិនិយោគ រាល់ទ្រព្យសម្បត្តិស្របច្បាប់ និងរាល់គោលដៅទេសចរណ៍ ទាំងអស់ មិនទទួលរងនូវការបំផ្លិចបំផ្លាញ ឬរំលោភបំពានដោយប្រការណាមួយ។ នគរបាលទេសចរណ៍ត្រូវបង្កើតបញ្ជរទទួលពាក្យបណ្ដឹងចល័តនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីទទួលបណ្តឹង និងដោះស្រាយបញ្ហារបស់វិនិយោគិន និងអ្នកទេសចរណ៍បរទេសបានទាន់ពេលវេលា៕