សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាល មិនបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ គឺត្រូវធ្វើការងារដោះស្រាយបញ្ហាពន្ធជាមួយអាមេរិក ដើម្បីធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ

Chuon Bona | ថ្ងៃទី 27 ខែ មេសា ឆ្នាំ 2025

សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាល មិនបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ គឺត្រូវធ្វើការងារដោះស្រាយបញ្ហាពន្ធជាមួយអាមេរិក ដើម្បីធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ព្រមជាមួយការប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលផ្តើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជា អតីតនាយករដ្ឋមន្ត្រីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាពនិងភាពធន់” គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃ ទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំ សហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម ដែលសរុបអ្នកចូលរួមចំនួនប្រមាណជាង ៥ពាន់នាក់។

ពិធីនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិតនិងនិយោជកក្រោមឈ្មោះសហគមន៍សុខសាន្ត៕

សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាល មិនបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ គឺត្រូវធ្វើការងារដោះស្រាយបញ្ហាពន្ធជាមួយអាមេរិក ដើម្បីធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ