វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៧ ០៤ ២០២៥)
ភ្នំពេញ៖ ថ្លែងចំពោះមុខថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយុទ្ធការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ។
នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែថា រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់សហជីព និងអនុញ្ញាអន្ដរជាតិខាងការងារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
សម្តេចបវរធិបតី បន្ដថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន ៦ ៦០០ ក្នុងនោះ សហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦ ២៦៥ និងសមាគមនិយោគជក ចំនួន១២។
"ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទ ការងារក្រៅប្រព័ន្ធតុលារ ជាក់ស្ដែងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារ នៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៤%ប៉ុណ្ណោះ"។
កិច្ចការងារទាំងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ ចំពោះការងារយកចិត្តទុកដាក់ និងការខិតខំរបស់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចូលរួមនៅក្នុងការខិតខំដោះស្រាយ ទៅតាមអ្វីដែលក្របខណ្ឌច្បាប់អនុញ្ញាត ដោយរកវិធីដោះស្រាយឈ្នះឈ្នះ៕