វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៧ មេសា ២០២៥
Mc៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ស្ថិតនៅក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក បានធ្វើឱ្យសាសនាទាំងអស់បានរស់រានមានជីវិតឡើងវិញ ខណៈសាសនាទាំងអស់នៅកម្ពុជាគឺរស់នៅជាមួយគ្នាដោយសុខដុមនីយកម្មហើយនៅកម្ពុជាគឺគ្មានជម្លោះសាសនានោះទេ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង៧ និងប្រជាពុទ្ធបរិស័ទជាច្រើនរយនាក់។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សាសនាទាំងអស់ ដែលនៅក្នុងប្រទេសកម្ពុជាយើង គឺមានសុខដុមនីយកម្ម សាសនានៅកម្ពុជា បានកើតឡើងដំណាលគ្នា គឺថ្ងៃរំដោះ ៧មករា ១៩៧៩ ហើយសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺរស់នៅក្នុងភាពសុខដុមនីយកម្មជាមួយគ្នា អត់មានឈ្លោះទាស់ទែងគ្នាទេ»។
ត្រង់ចំណុចនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើយើងមើលទៅបណ្តាប្រទេសដទៃទៀត បញ្ហាសាសនា គឺមានការឈ្លោះទាស់ទែងគ្នា ដែលសង្គ្រាមសាសនានេះ មានភាពជ្រាលជ្រៅយ៉ាងខ្លាំង ហើយបង្កើតឱ្យមានបញ្ហានៅក្នុងសង្គម ក៏ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសាសនាទាំងអស់ បានរស់នៅក្នុងសង្គមជាមួយគ្នា ប្រកបដោយភាពសុខដុមនីយកម្ម ក្រោមបូលសន្តិភាព ស្ថិរភាពពេញលេញ។
ជាមួយគ្នានឹងការដឹកនាំដ៏ល្អ ធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជា ត្រូវបានបណ្តាប្រទេសនានានៅលើពិភពលោកបានតាមដាន និងវាយតម្លៃខ្ពស់ចំពោះការធ្វើឱ្យមានសុខដុមនីយកម្មសាសនា ខណៈបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក បានមកយកគំរូល្អពីកម្ពុជា។ ដោយចោទសួរថាតើកម្ពុជា ជាប្រទេសដែលមានសាសនាច្រើន តើហេតុអ្វីបានជាសាសនាទាំងអស់នេះអាចរស់នៅជាមួយគ្នាដោយភាពសុខសាន្តបាន ខណៈកម្ពុជា បានយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ចំណុចដែលធ្វើឱ្យសាសនាផ្សេងៗទៀត អាចរស់នៅជាមួយគ្នាដោយសុសសាន្ត ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានប្រកាន់យកគោលការណ៍ ការគោរពគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកឱ្យដែលមានបង្កប់នូវមេត្តាដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមក លើកលែងតែសម័យ ប៉ុល ពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ប្រទេសកម្ពុជា គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសកម្ពុជា មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែ យើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកថា នៅកម្ពុជាគ្រប់សាសនាទាំងអស់ បានឆ្លងកាត់នូវស្ថានភាពដូចគ្នា នៅក្នុងរបបប្រល័យពូជសាសនា ប៉ុល ពត សមិទ្ធផលគ្រប់សាសនាមិនថាព្រះពុទ្ឋសាសនា គ្រឹស្តសាសនា សាសនាឥស្លាម ត្រូវបានបំផ្លាញគ្មានសល់ ទើបក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់ឡើងវិញ ទទួលនូវឱកាសដូចគ្នា សិទ្ធិដូចគ្នា៕