វិទ្យុជាតិកម្ពុជា៖
ក្រចេះ៖ ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សាខាខេត្តក្រចេះ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៨គ្រួសារ នៅឃុំស្វាយជ្រះ និងរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ មកពីឃុំឃ្សឹម សរុបចំនួន៩គ្រួសារ ដែលពិធីនេះបានរៀបចំឡើងនៅបរិវេណសាលាឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពីសំណាក់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលនឹកស្មានមិនដល់នេះ ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានា ដែលកើតមានឡើងនិងសូមជួយអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ ហើយសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងវិញ ។
អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង អាវយឺត៣ និងថវិកាចំនួន៥០.០០០រៀល។ (ដោយឡែកគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១គ្រួសារដែលរងការខូចខាតទាំងស្រុងទទួលបាន ៖ អង្ករ៥០គីឡូក្រាម មុង១ ភួយ១ ក្រមា១ សារុង១ មី១កេស ត្រីខ១០កំប៉ុង តង់១ អាវយឺត៣ និងថវិកាចំនួន២០០.០០០រៀលផងដែរ)៕