វិទ្យុជាតិកម្ពុជា៖
ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក រស់ សុខន នាយកប្រតិបត្តិសាខា ដឹកនាំក្រុមមន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុកមេមត់ ក្រុមកាកបាទក្រហមឃុំមេមត់ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៣៥គ្រួសារ នៅក្នុងមូលដ្ឋានឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ លោក រស់ សុខន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងបានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬសាសនា អ្វីឡើយ បើទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏សម្តេច តែងបានចាត់តំណាង ដែលមានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានទាន់ពេលវេលា ដូចពាក្យស្លោកថា«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមមានគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោល»។
លោកនាយកប្រតិបត្តិសាខា ក៏បានអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ ពីសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងការពារខ្លួនពីជំងឺឆ្លង និងជំងឺឆ្លងទាំងឡាយ។ ទន្ទឹមនោះ លោក ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់អគ្គីសនី ដែលអាចបង្ករឱ្យមានអគ្គិភ័យឆាបឆេះផ្ទះសម្បែងផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប និងថវិកាមួយចំនួនផងដែរ៕