វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ មេសា ២៥
អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបានសម្តែងការសាទរចំពោះការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ នៅក្នុងជាសារវីដេអូចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា "ដំណើរផ្សងព្រេងរបស់ទីក្រុងកៀវ បានបរាជ័យទាំងស្រុង។ ភាពបរាជ័យនៃសត្រូវនៅក្នុងតំបន់ព្រំដែន Kursk គឺបង្កើតបានលក្ខខណ្ឌសកម្មភាពជោគជ័យបន្ថែមទៀត សម្រាប់កងកម្លាំងរបស់យើងនៅតំបន់ជួរមុខ"។ Kursk ជាតំបន់ព្រំដែនរបស់រុស្ស៉ីដែលកងកម្លាំងអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា ឆ្នាំ២០២៤ ក្រោយមក កងកម្លាំងរុស្ស៉ី ដែលត្រូវបានពង្រឹងដោយទាហានកូរ៉េខាងជើង បានព្យាយាមវាយដណ្តេីមយកមកវិញ។ គួរបញ្ចាក់ថា ប្រធានអគ្គសេនាធិការយោធារុស្ស៉ី ក៏បានសរសើរដល់ការរួមចំណែកនៃមន្ត្រី និងទាហានកូរ៉េខាងជើងនៅតំបន់ Kursk ផងដែរ ដោយពួកគេមានជំនាញខ្ពស់ រឹងមាំ និងក្លាហាន ហេីយបានប្រកៀកស្មាគ្នាជាមួយទាហានរុស្ស៉ី ដេីម្បីបំពេញកាតព្វកិច្ចប្រយុទ្ធនេះ៕