វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ មេសា ២៥
អន្តរជាតិ៖ ទីភ្នាក់ងារឥណ្ឌា PTI បានរាយការណ៍ដោយដកស្រង់ប្រភពពីប្រភពនានាថា យោធាប៉ាគីស្ថានបានបើកការបាញ់ប្រហារទៅលើខ្សែបន្ទាត់គ្រប់គ្រងព្រំដែននៃទឹកដីសហភាពឥណ្ឌានៃទីក្រុង Jammu និង Kashmir។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ការបាញ់ប្រហារនៅព្រំដែននេះត្រូវបានកត់ត្រានៅក្នុងតំបន់ Tutmari Gali និង Rampur។ តាមប្រភពបាននិយាយថា កងទ័ពឥណ្ឌាបានឆ្លើយតបដោយការបាញ់តបវិញពីអាវុធធុនតូច។ មិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសទេ។ តាម PTI បានកត់សម្គាល់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ត្រូវបានរំលោភជាលើកទីបីចាប់តាំងពីការវាយប្រហារភេរវកម្មក្នុងទីក្រុង Jammu និង Kashmir មកម្ល៉េះ។ កាលពីថ្ងៃទី២២ ខែមេសា បុគ្គលប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើអ្នកទេសចរនៅភាគខាងជើងប្រទេសឥណ្ឌា ដោយបានសម្លាប់ជនជាតិឥណ្ឌា ២៥នាក់ និងភ្ញៀវទេសចរម្នាក់មកពីប្រទេសនេប៉ាល់។ ការវាយប្រហារនេះក៏បណ្តាលឱ្យមានអ្នករបួសជាច្រើននាក់ផងដែរ។ គួរបញ្ចាក់ថា បន្ទាប់ពីការវាយប្រហារភេរវកម្ម ឥណ្ឌាស្ទើរតែបានកាត់បន្ថយចំនួនមន្ត្រីស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ និងបានបិទច្រកទ្វារដ៏សំខាន់នៅតាមព្រំដែនជាដើម។ អាជ្ញាធរឥណ្ឌាក៏បានផ្អាកកិច្ចព្រមព្រៀងជាមួយទីក្រុងអ៊ីស្លាម៉ាបាដលើការចែក ចាយធនធានទឹក និងការចេញទិដ្ឋាការដល់ពលរដ្ឋប៉ាគីស្ថានផងដែរ៕