វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៤ ២៨ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប៉ែនបូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សីលធម៌គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រោះបានចាប់កំណើតនៅលើទឹកដីខ្មែរដែលមាន វប្បធម៌ អរិយធម៌ សុជីវធម៌ និងសីលធម៌ដែលជាមូលដ្ឋានគ្រឹះដើមនៃការឈានទៅការគោរពច្បាប់ និងគោរពសិទ្ធិរបស់អ្នកដទៃ។
ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍសង្គម» កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា កូនខ្មែរគ្រប់រូបមានវិន័យល្អតាំងពីកើតពីផ្ទៃម្តាយហើយត្រូវបានឪពុក-ម្តាយប្រៀនប្រដៅណែនាំសព្វបែបយ៉ាង ។ បន្ទាប់មកនៅពេលពេលចូលដល់វ័យសិក្សាមួយកម្រិតទៀត គឺមានលោកគ្រូ-អ្នកគ្រូចាំណែនាំតម្រែតម្រង់ផ្លូវទៀតដែលនេះបានសបញ្ជាក់ថា កូនខ្មែរមានវិន័យនិងសីលធម៌ ។ ចំណែកនៅក្នុងសង្គមវិញ មានផ្នែកព្រះពុទ្ធសាសនាសម្រាប់អប់រំឲ្យគោរពចាស់ទុំព្រឹទ្ធាចារ្យផងដែរ ។
ឯកឧត្តមបន្ថែមថា ចំណុចទាំងអស់នេះហើយ សុទ្ធតែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សីលធម៌ក្នុងការរស់នៅរបស់ជាតិសាសន៍ខ្មែរទាំងមូល ប៉ុន្តែឯកឧត្តមថា ជាការគួរឲ្យសោកស្តាយទៅវិញដោយសារមនុស្សមួយចំនួននាពេលបច្ចុប្បន្ន មិនសូវយកចិត្តទុកដាក់អនុវត្តតាមនូវសីលធម៌ដែលនាំ ឲ្យមានការច្រណែនឈ្នានីស្ត មួលបង្កាច់អ្នកដទៃដែលនាំឲ្យមានបញ្ហារហូតនាំទុក្ខទោសដល់ខ្លួនឯង ។
“អីចឹងសម្រាប់ខ្ញុំ យល់ឃើញថា សីលធម៌នេះសំខាន់ណាស់ជាមូលដ្ឋានគ្រឹះដើមជាងគេបំផុតដែលឈានទៅដល់ការគោរពច្បាប់ គោរពសិទ្ធិអ្នកដទៃដែលផ្តើមចេញពីសីលធម៌។ កាលណាយើងមានសីលធម៌ល្អហើយ គឺគ្រប់គ្នានឹងចៀសវាងបាននូវបញ្ហាទាំងឡាយ ឈានទៅការគោរពច្បាប់ សិទ្ធិអ្នកដទៃពីព្រោះយើងមានសីលធម៌នៅក្នុងខ្លួន” ។
ឯកឧត្តមប៉ែន បូណា សង្កត់ធ្ងន់ថា ដោយសារតែយកការអប់រំជាគោលសំខាន់ ទើបក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការអភិវឌ្ឍមូលដ្ឋានមនុស្សដែលត្រូវមានចំណេះជំនាញយ៉ាងច្បាស់លាស់មួយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺសីលធម៌នេះហើយដែលរាជរដ្ឋាភិបាលចាត់ទុកមិនអាចខ្វះបាន ៕