ឯកអគ្គរាជទូតថៃប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនដល់គោលរំពឹងទុក

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៤ ២០២៥
ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនថែមមួយកម្រិតទៀត ខណៈប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដាក់គោលដៅឱ្យសម្រេចបានក្នុងទំហំ១៥ពាន់លានដុល្លារ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ការបញ្ជាក់ពីការប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនេះ ធ្វើឡើងក្នុងឱកាសចូលជួបសវនាការជាមួយសម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៨ ខែមេសានេះ បន្ទាប់ពីឯកឧត្តមTull TRAISORAT ត្រូវបានតែងតាំងក្នុងអាណត្តិជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។
ឯកឧត្តម បានថ្លែងថា ក្នុងនាមជាឯកអគ្គរាជទូត ឯកឧត្តមនឹងខិតខំទាក់ទាញវិនិយោគិនពីប្រទេសថៃឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត បន្ទាប់ពីក្នុងឆ្នាំកន្លងទៅទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ។ ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្មនេះ ឱ្យដល់គោលដៅក្នុងទំហំទឹកប្រាក់១៥ពាន់លានដុល្លារ។ លើវិស័យទេសចរណ៍ ឯកឧត្តម បានបញ្ជាក់ពីការត្រៀមជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ក្នុងនោះមានទាំងលំហូរទេសចរណ៍តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គ្រាដែលឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ចំណែកអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។ ឯកឧត្តម បន្តថា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យដូចជាកសិកម្ម ទេសចរណ៍ សុខាភិបាល ការអប់រំ និងវិស័យជាច្រើនទៀត។ ឯកឧត្តម ឯកអគ្គរាជទូត បានឱ្យដឹងថា នៅពេលខាងមុខនេះ នឹងមានគណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជា ដែលក្នុងនោះនឹងមានការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែកើនឡើងមួយកម្រិតទៀត។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានសម្តែងការគំាទ្រពេញទំហឹងចំពោះបេសកកម្មការទូតរបស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ចំពោះវិស័យទេសចរណ៍ ដែលរដ្ឋសភាកម្ពុជាសូមគាំទ្រនូវគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលចំនួន៦ប្រទេស ដែលបានលើកឡើងអំពី«ប្រាំមួយប្រទេស ទិសដៅតែមួយ» សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ មិនមែនតែសម្រាប់ប្រទេសកម្ពុជា-ថៃប៉ុណ្ណោះទេ តែសម្រាប់តំបន់ និងដើម្បីកំណើនរួម។ សម្ដេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមតែធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមសម្រាប់ប្រជាជននៃប្រទេសទំាងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់ និងសកលលោកផងដែរ៕

ឯកអគ្គរាជទូតថៃប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនដល់គោលរំពឹងទុក
ឯកអគ្គរាជទូតថៃប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនដល់គោលរំពឹងទុក
ឯកអគ្គរាជទូតថៃប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនដល់គោលរំពឹងទុក
ឯកអគ្គរាជទូតថៃប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនដល់គោលរំពឹងទុក