វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៤ ២០២៥)
ភ្នំពេញ៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ មានលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋ រស់នៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ។
ក្នុងឱកាសដឹកនាំកិច្ចការងារខាងលើនេះ លោក ឆាយ វីរៈ បានឱ្យដឹងនារសៀលថ្ងៃដដែលនេះថា ដោយសារតែប្រជាពលរដ្ឋ រស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ទើបនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកទឹកស្អាតមកចែកជូន ប្រជាពលរដ្ឋរស់នៅក្នុងបុរីVIPនេះ។
លោកឆាយ វីរៈ ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះតាមពិតទៅ កន្លងមកមានអ្នកផ្គត់ផ្គង់ទឹកនៅទីនេះហើយ ក៏ប៉ុន្តែតំបន់នេះនៅមិនទាន់មានទឹកស្អាតប្រើប្រាស់ទេប្រើទឹកអណ្ដូងតែមិនទាន់គ្រប់គ្រាន់ ទើបយើងជួយបំពេញបន្ថែម ជួយពួកគាត់ដើម្បីបន្តចែកចាយទៅប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបានប្រើប្រាស់។ការងារនេះយើងនឹងបន្តផ្គត់ផ្គង់រហូតដល់ពួកគាត់មានទឹកប្រាស់ប្រាស់គ្រប់គ្រាន់ ទើបយើងបញ្ឈប់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ននេះ។
ក្រោយមានការដឹកទឹកស្អាតយកទៅចែកជូនពួកគាត់ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែកជូនប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់និងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។