វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីជប៉ុនបានជួបនាយករដ្ឋមន្រ្តីវៀតណាម នៅក្នុងទីក្រុងហាណូយ ក្នុងពេលដែលប្រទេសទាំងពីរកំពុងចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីចៀសវាងពន្ធគយខ្ពស់ដោយប្រទេសជប៉ុន និងវៀតណាម បានព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគី និងគោរពច្បាប់សកលស្តីពីលំហូរទំនិញដោយសេរី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រោយកិច្ចប្រជុំលោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកយកព័ត៌មានថា "សេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់ ហើយផលប៉ះពាល់លើតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងលេចចេញជារូបរាង។ យើងនឹងសហការដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ"។ ចំណែកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បាននិយាយថា "ប្រទេសទាំងពីរបានឯកភាពគ្នា រក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរីជាសាកល ដោយផ្អែកលើច្បាប់អន្តរជាតិ"។ មេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤ រួមទាំងការជំរុញការធ្វើពាណិជ្ជកម្ម លើផលិតផលថាមពលកកើតឡើងវិញ និងការស្រាវជ្រាវ អភិវឌ្ឍវិស័យបន្ទះឈីប។ វៀតណាម គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ក្រុមហ៊ុនធំៗរបស់ជប៉ុន រួមទាំង Honda, Canon និង Panasonic ជាមួយនិងទឹកប្រាក់វិនិយោគសរុប ៧៨ពាន់លានដុល្លារ។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រីជប៉ុននៅវៀតណាម ហើយនៅថ្ងៃអង្គារនេះ លោកត្រូវធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាទីចុងក្រោយនៃទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍៕