វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ៤ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខ្សែផ្លូវជាតិលេខ៣១ផ្លូវជាតិ ៣៣និងផ្លូវជាតិ៤១ ដែលខ្សែផ្លូវជាតិទាំង៣ស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ។
ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិ ៣ខ្សែតម្លៃ ១៨៨លានដុល្លារ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត បាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្ទីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ខ្សែផ្លូវទាំង៣ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនូវក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ប្រទាក់ក្រឡា ពីតំបន់មួយទៅតំបន់មួយជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្លូវគឺជាអាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះ ហើយផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះការរៀបចំតភ្ជាប់ផ្លូវគឺជាយុទ្ធសាស្រ្ដសំខាន់ណាស់សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា។
« ខ្ញុំបានកត់សម្គាល់ផងដែរថា អំពីភាពចាំបាច់លើកកម្រិតគុណភាពផ្លូវជាតិទាំង៣ ខ្សែនេះឡើងវិញនិងអត្ថប្រយោជន៍ជាច្រើនរួមទាំងការតភ្ជាប់ ការប្រទាក់ក្រឡានូវផ្លូវជាតិទាំង៣ខ្សែនេះ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់និងជាខ្សែផ្លូវរួមចំណែកលើកកម្ពស់សកម្មភាពដឹកជញ្ជូន ទេសចរណ៍នៅកម្ពុជា។ ផ្លូវ៣ខ្សែនេះក្លាយជាធាតុផ្សំសំខាន់ជាមួយការពង្រីកសក្តានុពលនៅខេត្តទិសនិរតីរបស់យើង យើងមានផ្លូវដែក យើងមានផ្លូវថ្នល់ដែលត្រូវកសាងជាច្រើនរួមទាំងស្ពានដែលឆ្លងកាត់ ដែលប្រទាក់ក្រឡាគ្នា ហើយសុទ្ធតែជាមូលដ្ឋានគ្រឹះសម្រាប់នាំការវិនិយោគនឹងបង្កើតការវិនិយោគនៅទីនេះ»។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៣១ ផ្លូវជាតិ៣៣និងផ្លូវជាតិ៤១ ធ្លាប់បានសាងសង់រួចម្ដងមកហើយ ជាប្រភេទក្រាលកៅស៊ូ DBST កាលពីពេលកន្លងទៅ ដែលក្នុងនោះផ្លូវជាតិលេខ ៣១ និងកំណាត់ផ្លូវជាតិលេខ៣៣ ចាប់ពីកំពង់ត្រាចដល់ទីរួមខេត្តកំពត ត្រូវបានប្រើប្រាស់ឥណទានពីសាធារណរដ្ឋកូរ៉េ ហើយកំណាត់ផ្លូវជាតិលេខ៣៣ ដែលបន្តពីកំពង់ត្រាចដល់ព្រំដែនកម្ពុជា វៀតណាម បានប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ ចំណែកឯកផ្លូវជាតិលេខ៤១វិញ គឺប្រើប្រាស់ឥណទានពីសាធារណរដ្ឋប្រជាមានិតចិន៕