វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលជីវៈ ឯឧ ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកម្មករនិយោជិតដើម្បី "អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ1ឧសភា ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត,គណៈអភិបាលខេត្ត ,សាលាដំបូងខេត្ត, គណៈ អភិបាលក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់។
ឯកឧត្តមហេងសួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលប្រជាជីវៈបានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកឡើងវិញអំពីភាពជោគជ័យរបស់ពលករកាលពី ១៣៩ឆ្នាំមុន ដែលបានទាមទារឲ្យមានការទទួលស្គាល់តម្លៃ នៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង ។ សម្រាប់ប្រទេសកម្ពុជាយើងវិញ រាជរដ្ឋាភិបាលបានប្រារព្ធទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ១ ខែឧសភា រៀងរាល់ឆ្នាំ ដែលជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ហើយនៅឆ្នាំនេះ ក៏មិនខុសពីបណ្ដាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំបំផុសឲ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងរោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដូចជាកម្មវិធីដែលយើងបាននិងកំពុងដំណើរការរៀបចំធ្វើនាពេលនេះ ។
ឯកឧត្ដម រដ្ឋមន្ត្រីបានស្នើដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវយន្តការនានាដែលមានស្រាប់ឲ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ ហើយសូមយកស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករនិយោជិត ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួមដែលត្រូវចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឲ្យបាននូវ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
ឯកឧត្ដមបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណពោះឯកឧត្តមអភិបាលខេត្តនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តស្វាយរៀងទាំងមូលនិងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលកន្លងមកបានចូលរួមសហការធ្វើឲ្យបរិយាកាសការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាសទាំងអស់ក្នុងខេត្ត ទាំងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទាំងការអនុវត្តច្បាប់ស្ដីពីការងារ និងការអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងអាចកាត់បន្ថយបានស្ទើរតែទាំងស្រុងនូវករណីដួលសន្លប់របស់កម្មករ ដោយឡែកចំពោះករណីតវ៉ាទាមទារផ្សេងៗដែលកើតឡើង គឺតែងតែប្រព្រឹត្តទៅដោយអនុលោមតាមគោលការណ៍ច្បាប់ ព្រមទាំងត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នារវាងគ្រប់ភាគីពាក់ព័ន្ធ ។ឯកឧត្តមហេងសួរ រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះខេត្តស្វាយរៀងមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យឧស្សាហកម្មដែលក្នុងនោះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចចំនួន 12 កន្លែងមានរោងចក្រចំនួន10 15 រោងចក្រ(មួយពាន់ដប់ប្រាំ)រោងចក្រនិងមានកម្មករកម្មការិនីប្រមាណ មួយសែនប្រាំម៉ឺននាក់(150 000នាក់)។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់កម្មករនិយោជិតទាំងអស់ ត្រូវមានការសាមគ្គីគ្នាធ្វើការងារប្រកបដោយសុខដុមរមនីយកម្ម ហើយបើមានបញ្ហាវិវាទគ្នាត្រូវដោះស្រាយតាមផ្លូវច្បាប់ប្រកបដោយសន្តិវិធី។