អត្ថបទ៖ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ បន្ទាប់មានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់ចំណតទូកស្ទឹងសង្កែដែលទើបបើកដំណើរការដឹកជញ្ជូនភ្ញៀវជិះកំសាន្តលេងតាមដងស្ទឹងសង្កែ មានគម្រោងពង្រីកសេវាកម្មរបស់ខ្លួននៅដំណាក់កាលពីរ និងទីបីបន្ថែមទៀត រហូតដល់ប្រាសាទបាណន់ និងតំបន់ទន្លេសាបមើលសត្វស្លាប ។
អ្នកស្រី ឌីចំរើន ម្ចាស់ចំណតទូកបានប្រាប់វិទ្យុជាតិចំការចេកតាមតេឡេក្រាមឱ្យដឹងថាបន្ទាប់ពីដាក់ដំណើរការឱ្យសាកល្បងដំណាក់កាលទីមួយ ដែលដឹកជញ្ជូនភ្ញៀវជិះទូកលេងកំសាន្តត្រឹមវត្តបាយដំរាំ ឃុំឈើទាល សិនប៉ុណ្ណោះ នៅពេលខាងមុខអ្នកស្រីនឹងពង្រីកការផ្តល់សេវាដឹកជញ្ជូនភ្ញៀវដល់ប្រាសាទបាណន់តែម្តង នៅដំណាក់កាលទីពីរ។ដំណាក់កាលនេះនឹងផ្តល់ឱកាសឱ្យភ្ញៀវ ក្រៅពីទស្សនាទេសភាពតាមបណ្តោយដងស្ទឹងសង្កែ និងអាចឡើងលើគោក ទស្សនាប្រាសាទបាណន់ ជិះឡូរី និងមើលសួនច្បារជាដើម ។
ម្ចាស់ចំណតទូកខាងលើបានបន្ថែមថា នៅដំណាក់កាលទីបី លោកនឹងពង្រីកការផ្តល់សេវាដឹកជញ្ជូនភ្ញៀវដល់ប៉ែកខាងក្រោមៗ ដើម្បីសត្វស្លាបកំសាន្តអារម្មណ៍ផងដែរ។
ម្ចាស់ចំណតទូក បានបញ្ជាក់ថាក្នុងដំណាក់កាលសាកល្បងនេះ អ្នកស្រីបានកំណត់តម្លៃសេវាកម្មជូនភ្ញៀវ បណ្តោះអាសន្នសិន ដូចជាសម្រាប់ភ្ញៀវជិះទូកលេងកំសាន្តរួមគ្នាដល់វត្តបាយដំរាំ ប្រើរយៈពេលជាង២ម៉ោងតម្លៃសម្រាប់ភ្ញៀវក្នុងស្រុកមួយកៅអី ពីរម៉ឺនរៀល សម្រាប់ក្មេងកម្ពស់ក្រោមមួយម៉ែត្រ១ម៉ឺនរៀល ចំណែកភ្ញៀវអន្តរជាតិមួយកៅអី៣ម៉ឺនរៀល ។ នឹងមានសេវាកម្មជួលទូកវីអាយភី អាចជិះបាន ១៨កៅអី តម្លៃមួយម៉ោង៤០ដុល្លារ និងទូកខ្នាត៣០កៅអីតម្លៃ៥០ដុល្លារ ក្នុងមួយម៉ោង។
ម្ចាស់ចំណតលោកបន្ថែមថា អ្នកស្រីមានទូកកៃយ៉ាក សម្រាប់ភ្ញៀវជួលជិះលេងកំសាន្តផងដែរ ក្នុងទូកមួយអាចជិះបានពីរនាក់ តម្លៃ២ម៉ឺនរៀល ក្នុងមួយម៉ោង និងមានសេវាកម្ម ជិះទូកទស្សនាតាមដងស្ទឹងសង្កែនៅពេលល្ងាច ម៉ោង៦ទៅ៧យប់ ១ម៉ោងតម្លៃ២ដុល្លារ ។
ទោះបីយ៉ាងណា ការកំណត់តម្លៃខាងលើនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបញ្ចេញទស្សនៈតាមបណ្តាញសង្គមថា ហាក់ថ្លៃបន្តិច គួរតែមានការបន្ធូបន្ថយជាងនេះ, ដោយខ្លះតម្លៃត្រឹម៣ទៅ៤ដុល្លារបានហើយ ,ខ្លះថាតម្លៃ៥ពាន់រៀលនឹងមានភ្ញៀវជិះច្រើន, ខ្លះថាត្រឹមមួយម៉ោងមួយម៉ឺនល្មម ,ខ្លះថានៅភ្នំពេញគេជិះតែ៥ពាន់រៀលមួយម៉ោងជាដើម។ ទោះបីយ៉ាងណាក៏មានបងប្អូនប្រជាពលរដ្ឋគាំទ្រច្រើនផងដែរដោយខ្លះថាខ្ញុំចង់បានចឹងយូរហើយ នឹងមានប្រជាពលរដ្ឋជាច្រើនបានដាក់រូបបេះដូងសម្តែងការគាំទ្រវត្តមានចំណតទូកសម្រាប់ ផ្តល់សេវាជូនភ្ញៀវទេសចរណ៍ជិះកំសាន្តតាមដងស្ទឺងសង្កែនេះ ។
ទាក់ទងការលើកឡើងនេះ ម្ចាស់ចំណតទូក បានឆ្លើយតបថា តាមការសិក្សាតម្លៃជួលទូកកៃយ៉ាកសម្រាប់ភ្ញៀវបរទេសមានតម្លៃរហូតដល់១៥ដុល្លារ ប៉ុន្តែសម្រាប់លោកគិតតម្លៃតែ មួយម៉ោង២ម៉ឺនសម្រាប់មនុស្សពីរនាក់ គឺជាតម្លៃសមរម្យហើយ ចំណែកជិះទូកកំសាន្តតាមដងស្ទឹងសង្កែមួយកៅអី២ម៉ឺនរៀល ដែលជិះរហូតដល់ជាងពីរម៉ោងគឺតម្លៃសមរម្យមិនថ្លៃនោះទេ ហើយមានឱកាសគយគន់ទេសភាព និងថតផ្តិតយករូបភាពអនុស្សាវរីយ៍ផងដែរ។
ទោះបីយ៉ាងណាម្ចាស់ចំណតទូកខាងលើបានបញ្ជាក់ តម្លៃ និងការផ្តល់សេវាខាងលើគឺស្ថិតក្នុងការសាកល្បងដំណាក់កាលទី១ប៉ុណ្ណោះ ក្រោយពីសាកល្បងរួច លោកនឹងធ្វើការវាយតម្លៃ រួចកំណត់តម្លៃ និងពេលវេលាច្បាស់លាស់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិនាពេលខាងមុខ។
សូមបញ្ជាក់ថាចំណតទូកថ្មីដែលទើបឱ្យដំណើរការសាកល្បងដំណាកកាលទីមួយខាងលើ នៅប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះដែល មានទីតាំងនៅមុខសាលាសោហឺ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីស្ពានថ្មថ្មីប៉ុណ្ណោះ ។
ចំណតទូកថ្មីនេះជាសេវាកម្មថ្មីមួយបន្ថែមទៀតក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត ខណៈដែលខេត្តបាត់ដំបងមានតំបន់ទេសចរណ៍សម្រាប់ដើរលេងកំសាន្តជាង១០០កន្លែង ដែលកំពុងមានស្រាប់៕