វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានកោតសរសើរដល់ចារកម្មអ៊ុយក្រែន ចំពោះការសម្លាប់មន្ត្រីយោធាកំពូលរបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងមក។ ប៉ុន្តែលោកមិនបានលើកឡើងពីការវាយប្រហារបំផ្ទុះរថយន្ដមួយដែលបានសម្លាប់មន្ត្រីយោធារុស្ស៊ីជាន់ ខ្ពស់ម្នាក់កាលពីសប្ដាហ៍មុននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះរថយន្ដ កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន នៅឯជាយទីក្រុងមូស្គូ ដែលបានសម្លាប់លោកអនុប្រធាននៃនាយកដ្ឋានប្រតិបត្តិចម្បង របស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែនមិនបាននិយាយចំៗអំពីការ វាយប្រហារដែលសម្លាប់លោកនោះទេ។ លោក ហ្សេលេនស្គី វិញបានសរសេរនៅលើបណ្តាញសង្គម Telegram ថា "ប្រមុខទីភ្នាក់ងារស៊ើបការណ៍ក្រៅប្រទេសរបស់អ៊ុយក្រែន បានរាយការណ៍ពីការកម្ចាត់ មនុស្សមួយចំនួនដែលជាមន្ត្រីកំពូលៗនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី"។ ដោយសម្ដែងការអរគុណ និងកោតសរសើរពីលទ្ធផលដ៏ល្អ លោក ហ្សេលេនស្គី បានបន្ថែមទៀតថា "ប្រមុខចារកម្មអ៊ុយក្រែនក៏បាន រាយការណ៍ផងដែរពីការដាក់ចេញវិធានការដើម្បីទប់ទល់នឹងបណ្ដាចារកម្មរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន"៕