វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២៩ ០៤ ២៥
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបាន លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រង ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព ដើម្បីលុបបំបាត់បទល្មេីសនេសាទខុសច្បាប់ និង ចូលរួមអភិរក្សធនធានជលផលទឹកសាប និងសមុទ្រឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងកម្មវិធី អបអរសាទរ ទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធាន ជលផលប្រកបដោយនិរន្តរភាព» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នាឆ្នាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចលើកយកអនុវិស័យជលផលធ្វើជាប្រធានបទ សំខាន់ ដោយសារធនធានជលផលជាប្រភពអាហារូបត្ថម្ភ និងប្រូតេអុីន សម្រាប់ប្រជាជនកម្ពុជា។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជនផល ដែលបានខិតខំ អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការរួមគ្នាជាមួយ ដៃគូអភិវឌ្ឍន៍នានា និងដាក់ មធ្យោបាយរួម ក្នុងការពង្រឹងច្បាប់ លុបបំបាត់បទល្មេីសនេសាទខុសច្បាប់ និងចូលរួមអភិរក្សធនធាន ជលផលទឹកសាប និងសមុទ្រ ទទួលបានលទ្ធផលជាច្រេីនគួរជាទីគាប់ចិត្ត ។
ឯកឧត្តមរដ្ឋមន្ដ្រីមានប្រសាសន៍លេីកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហភាព អឺរ៉ុប អង្គការ FAO អង្គការ UNIDO ទីភ្នាក់ងារ AFD និងអង្គការ GIZ ជាដើម ដែលជាដៃគូសំខាន់ក្នុង ការចូលរួមគាំទ្រអនុវត្តការងារប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់ ។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានជូនពរដល់អង្គពិធីទាំងមូល ទទួលបានសុខសិរីសួស្តី និងសុភមង្គល ក្រោមម្លប់សុខសន្តិភាព៕