វិទ្យុជាតិកម្ពុជា ឈួន សំអាត 30-04-2025
ភ្នំពេញ៖ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្ដីទីព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទវេទិកាផ្សព្វផ្សាយស្តីពី “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន”ដោយ បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីដែលបានបណ្តុះនូវស្មារតី និងទម្លាប់ឱ្យមានការកែទម្រង់គឺ “កែទម្រង់រស់ មិនកែទម្រង់ស្លាប់”។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រធានស្ដីទីព្រឹទ្ធសភា បានទាញការចាប់អារម្មណ៍ជូនអង្គសិក្ខាសាលានូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកន្លងមកអំពីការបន្តកែទម្រង់ និងការបន្ថែមអភិក្រម ៥R សម្រាប់ការដឹកនាំគ្រប់គ្រងមន្ត្រីរាជការនោះគឺ Retain (ថែរក្សាមន្ត្រី) Retrain (បណ្តុះបណ្តាលមន្ត្រីឡើងវិញ) Reassign (ពង្រាយមន្ត្រីឡើងវិញ) Retrench (កាត់បន្ថយមន្ត្រី) Recruit (ជ្រើសរើសមន្ត្រីថ្មី)។
ឯកឧត្តមបណ្ឌិត ក៏មានប្រសាសន៍កោតសរសើរ ក្រសួងមុខងារសធារណៈ ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អំពីការធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ពិសេស ការប្រឡងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយភាពសុក្រឹត និងយុតិ្តធម៌ ដែលនាំឱ្យមានការគាំទ្រ ពីប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត បានផ្ដល់ជាទស្សនៈ អំពីការកែទម្រង់ត្រូវពិនិត្យមើលលើទិដ្ឋភាពចំនួនប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ធន វឌ្ឍនា បានជម្រាបជូនអង្គសិក្ខាសាលាថា សម្តេចតេជោ បានឱ្យស្នើយើងទាំងអស់គ្នាជាសមាជិកសភាត្រូវខិតខំសិក្សាស្រាវជ្រាវ ដើម្បីជួយកម្ពុជា កុំឱ្យជាប់ក្នុងអន្ទាក់ប្រទេសមានចំណូលមធ្យម និងសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕